អត្ថរបស់ សមយ សព្ទ

ក្បាលទី 64 · ទំព័រ 237

កាមាវចរំ កុសលំ ចិត្តំ ជាដើម ក៏ឈ្មោះថា ទ្រង់សម្តែងចិត្តក្នុងសម័យ ។ ព្រោះហេតុអ្វី ព្រោះដើម្បីទ្រង់កំណត់សម័យ យ៉ាងនេះថា តស្មឹ សមយេ ក្នុងកាលជាទីបំផុតដោយចិត្តដែលកំណត់សម័យនោះ ដូច្នេះហើយ ក៏ឲ្យដឹង ធម៌ទាំងឡាយនោះ មានផស្សៈ និងវេទនាជាដើម ដែលជាប្រភេទដែលដឹង តាមបានដោយក្រ ដោយអំណាចនៃសន្តតិ សមូហៈ កិច្ច អារម្មណ៍ និងឃនៈ ក្នុងសម័យដែលទ្រង់កំណត់ចិត្តនោះ យ៉ាងនេះថា សូម្បីកាលមានសម័យ ផ្សេងគ្នា បើសម័យណាមានចិត្ត សម័យនោះឯង ផស្សៈក៏មាន វេទនាក៏ មាន ។ ឥឡូវនេះ ការពណ៌នាតាមលំដាប់បទ ក្នុងពាក្យថា យស្មឹ សមយេ ជាដើមនេះដូចតទៅ បទថា យស្មឹ ជាអត្ថសម្តែងដល់សត្តមីវិភត្តិ ដោយមិនពិតប្រាកដ ។ បទថា សមយេ ជាពាក្យសម្តែងដល់សម័យ ដែលសម្តែងដោយមិន កំណត់ ។ ទ្រង់សម្តែងសម័យដោយមិនកំណត់ ដោយពាក្យមានប្រមាណ បុណ្ណេះ ។ ក្នុងពាក្យថា យស្មឹ សមយេ នោះ សមយ សព្ទ លោកប្រើ ក្នុងអត្ថថា ព្រមព្រៀង ខណៈ កាល ការប្រជុំ ហេតុ ទិដ្ឋិ ការបាន ចំពោះ ការលះ ការចាក់ធ្លុះ ។ ពិតហើយ សមយ សព្ទនោះ ប្រើក្នុងអត្ថថា ព្រមព្រៀង ដូចក្នុង ប្រយោគជាដើមថា អប្បេវ នាម ស្វេបិ ឧបសង្កមេយ្យាម កាលញ្ច សមយញ្ច ឧបទាយ បើដូច្នោះ ចាំយើងពិចារណានូវកាល និងសម័យ សិន ហើយសឹមទៅក្នុងថ្ងៃស្អែក ដូច្នេះ ។ ប្រើក្នុងអត្ថថា ខណៈ ដូចក្នុងប្រយោគជាដើមថា ឯកោវ ខោ ភិក្ខវេ ខណោ ច សមយោ ច ព្រហ្មចរិយវាសាយ ម្នាលភិក្ខុទាំងឡាយ ខណៈ និងសម័យនៃការនៅប្រព្រឹត្តព្រហ្មចារ្យមានតែមួយ ដូច្នេះ ។