ទ្វារនៃមនោកម្ម
បណ្ឌិតគប្បីជ្រាបវិនិច្ឆ័យ ក្នុងកថាពោលអំពីទ្វារនៃមនោកម្មដូចតទៅ ចិត្តមាន ៤ យ៉ាង គឺចិត្តដែលជាកាមាវចរជាដើម ឈ្មោះថា មនោ ក្នុង ៤ យ៉ាងនោះ ចិត្តទាំងអស់មាន ៨៩ ដួង គឺចិត្តដែលជាកាមាវចរ ៥៤ ដួង ចិត្តដែលជារូបាវចរ ១៥ ដួង ចិត្តដែលជាអរូបាវចរ ១២ ដួង ចិត្តដែល ជាលោកុត្តរ ៨ ដួង ។ បណ្តាចិត្តទាំងនោះ ធម្មតាចិត្តនេះ មិនគួរពោលថា មិនជាមនោទ្វារ ដូចធម្មតាចេតនានេះ មិនគួរពោលថា មិនជាកម្ម ព្រោះ ដោយហោចទៅ សូម្បីចេតនាដែលសម្បយុត្តដោយបញ្ចវិញ្ញាណ ( វិញ្ញាណ ៥ ) ក្នុងមហាបករណ៍ ក៏ទ្រង់សម្តែងថា ជាកម្មន៎ុះឯង យ៉ាងណា ធម្មតា ចិត្តនេះ ក៏មិនគួរពោលថា មិនជាមនោទ្វារយ៉ាងនោះដូចគ្នា ។ ក្នុងអធិការពោលអំពីមនោទ្វារនេះ មានអ្នកចោទសួរ ពោលថា ធម្មតា កម្មនេះ រមែងធ្វើនូវអ្វី ឆ្លើយថា រមែងប្រមូលមក រមែងតាក់តែង រមែង រួបរួម រមែងតាំងចិត្ត រមែងត្រិះរិះ រមែងឲ្យសម្រេច ។ សួរថា កាលបើ ដូច្នេះ ចេតនាក្នុងបញ្ចវិញ្ញាណ រមែងប្រមូលមក រមែងតាក់តែង រមែង រួបរួមនូវអ្វី ឆ្លើយថា រមែងប្រមូលមក រមែងតាក់តែង រមែងរួបរួមនូវ សហជាតធម៌ទាំងឡាយ ។ ពិតហើយ ចេតនាក្នុងបញ្ចវិញ្ញាណនោះ រមែង ប្រមូលមក រមែងតាក់តែង រមែងរួបរួម រមែងតាំងចិត្ត រមែងត្រិះរិះ រមែង ឲ្យសម្រេចសម្បយុត្តក្ខន្ធ ដែលកើតឡើងព្រមគ្នា ។ ម្យ៉ាងវិញទៀត មាន ប្រយោជន៍អ្វីដោយការពោលដល់សេចក្តីនេះ ព្រោះលោកបានពោលពាក្យ នេះ ដោយអំណាចនៃការរួបរួមចិត្តទុកទាំងអស់ ។ ក្នុងអធិការពោល អំពីមនោទ្វារនេះ មានពាក្យសន្និដ្ឋានដូច្នេះថា ចិត្ត ២៩ ដួង គឺកុសល និង អកុសលដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា ទ្វារនៃមនោកម្ម តែចេតនា ណាដែលឲ្យសម្រេចក្នុងមនោទ្វារនោះ និងចេតនា