កុសលកម្មបថ
អកុសលកម្មបថ ចប់ កុសលកម្មបថ ធម៌ទាំង ១០ យ៉ាងនេះ គឺការវៀរចាកបាណាតិបាតជាដើម ( មាន ៧ យ៉ាង ) អនភិជ្ឈា អព្យាបាទ និងសម្មាទិដ្ឋិ ឈ្មោះថា កុសលកម្មបថ ។ បណ្តាកុសលកម្មបថទាំង ១០ នោះ បាណាតិបាតជាដើម មានសេចក្តី ដូចដែលពោលហើយនុ៎ះឯង ធម៌ដែលឈ្មោះថា វិរតិ ព្រោះអត្ថថា ជា ហេតុវៀរចាកបាណាតិបាតជាដើម ឬជាធម្មជាតវៀរចាក ឬត្រឹមតែជាការវៀរ ប៉ុណ្ណោះ ។ វិរតិណាដែលសម្បយុត្តដោយកុសលចិត្តរបស់បុគ្គលដែល វៀរចាកបាណាតិបាត ដែលត្រាស់យ៉ាងនេះថា ការវៀរ ការចៀសវាង ចាកបាណាតិបាត ក្នុងសម័យនោះឯណា ដូច្នេះជាដើម វិរតិនោះ មាន ៣ ប្រភេទ គឺសម្បត្តវិរតិ ១ សមាទានវិរតិ ១ សមុច្ឆេទវិរតិ ១ ។ បណ្តាវិរតិ ៣ ប្រភេទនោះ វិរតិកាលកើតឡើងដល់បុគ្គលអ្នកមិនបាន សមាទានសិក្ខាបទទាំងឡាយ ដែលពិចារណាដល់ជាតិ វ័យ និងការចេះដឹង ជាដើមរបស់ខ្លួន ហើយមិនឈានកន្លងវត្ថុដែលប្រាកដចំពោះមុខ ដោយគិត ថា ការធ្វើបែបនេះ មិនសមគួរដល់ពួកយើង គប្បីជ្រាបថាជា សម្បត្តវិរតិ ។ ក្នុងសម្បត្តវិរតិនោះ មានរឿងនេះជាឧទាហរណ៍ ដូចវិរតិរបស់ឧបាសកឈ្មោះ ចក្កនៈ ក្នុងកោះសីហឡដូចតទៅ បានឮថា រោគកើតឡើងដល់មាតារបស់ឧបាសកចក្កនៈនោះ ក្នុងវេលា ដែលគាត់នៅក្មេងនោះឯង គ្រូពេទ្យប្រាប់ថា គួរបានសាច់ទន្សាយស្រស់ លំដាប់នោះ ទើបបងប្រុសរបស់ឧបាសកចក្កនៈ បញ្ជូនឲ្យនាយចក្កនៈទៅ ដោយពាក្យថា ចក្កនៈ ចូរបាត្រាច់ទៅរកក្នុងស្រែ ចក្កនៈនោះក៏ទៅក្នុងទី នោះ ។ ក្នុងសម័យនោះ មានទន្សាយមួយ មកដើម្បីស៊ីស្រូវខ្ចី ទន្សាយ ឃើញចក្កនៈនោះក៏ស្ទុះទៅដោយរហ័ស ត្រូវវល្លិរុំជាប់ ទើបបញ្ចេញសំឡេង កិរិ កិរិ ។ ចក្កនៈទៅតាមសំឡេងនោះ ចាប់ទន្សាយបានហើយគិតថា អញ នឹងផ្សំថ្នាំឲ្យមាតា ហើយគិតបន្តទៀត