អធិប្បាយពួកពលមានសទ្ធាជាដើម
គប្បីជ្រាបវិគ្គហៈក្នុងបទថា សទ្ធាពល ជាដើមដូចតទៅ សទ្ធាពលជាដើម មានអត្ថតាមដែលពោលហើយនោះឯង តែគប្បី ជ្រាបថា ឈ្មោះថា ពល ព្រោះថា មិនញាប់ញ័រ ។ បណ្តាធម៌ទាំងនោះ ធម៌ដែលឈ្មោះថា សទ្ធាពល ព្រោះមិនញាប់ញ័រ ក្នុងភាពជាអ្នកមិនមាន សទ្ធា ឈ្មោះថា វីរិយពល ព្រោះមិនញាប់ញ័រ ក្នុងសេចក្តីខ្ជិលច្រអូស ឈ្មោះថា សតិពល ព្រោះមិនញាប់ញ័រ ក្នុងការមិនមានសតិ ឈ្មោះថា សមាធិពល ព្រោះមិនញាប់ញ័រក្នុងការរាយមាយ ឈ្មោះថា បញ្ញាពល ព្រោះមិនញាប់ញ័រក្នុងអវិជ្ជា ។ ឈ្មោះថា ហិរិពល ព្រោះមិនញាប់ញ័រ ក្នុងការមិនខ្មាសបាប ឈ្មោះថា ឱត្តប្បពល ព្រោះមិនញាប់ញ័រក្នុងការមិន ខ្លាចបាប នេះជាការពណ៌នាអត្ថដោយអំណាចបទទាំងពីរដោយប្រការដូច្នេះ ។ បណ្តាពលទាំង ៧ នោះ ពល ៥ ខាងដើម ខ្ញុំប្រកាសហើយក្នុង ខាងដើម ដោយលក្ខណៈជាដើមនុ៎ះឯង ។ គប្បីជ្រាបវិគ្គហៈពល ២ ខាង ចុងដូចតទៅនេះ ធម៌ ដែលឈ្មោះថា ហិរិ ព្រោះខ្មាសចំពោះកាយទុច្ចរិត ជាដើម ពាក្យថា ហិរិនេះ ជាឈ្មោះនៃការខ្មាស ឈ្មោះថា ឱត្តប្បៈ ព្រោះ ខ្លាចចំពោះកាយទុច្ចរិតជាដើមនោះដូចគ្នា ពាក្យថា ឱត្តប្បៈនេះ ជា ឈ្មោះនៃការខ្លាចចំពោះបាប ។ ដើម្បីសម្តែងការផ្សេងគ្នានៃហិរិ និងឱត្តប្បៈ ទាំង ២ នោះ ទើបលោកតាំងមាតិកានេះថា សមុដ្ឋាន អធិបតី ការខ្មាស ការខ្លាច និងលក្ខណៈ ហើយពោលពាក្យដោយពិស្តារដូច្នេះថា ហិរិ មានហេតុខាងក្នុងជាសមុដ្ឋាន ឱត្តប្បៈ មានហេតុខាងក្រៅ ជា សមុដ្ឋាន ហិរិ មានខ្លួនជាអធិបតី ឱត្តប្បៈ មានលោកជាអធិបតី ហិរិ តាំងនៅដោយសភាពនៃការខ្មាស ឱត្តប្បៈ តាំងនៅដោយសភាពនៃការ ខ្លាច ហិរិ មានការគោរពជឿស្តាប់ជាលក្ខណៈ ឱត្តប្បៈ មានការខ្លាចទោស និងឃើញភ័យជាលក្ខណៈ ។