អធិប្បាយពួក ២ នៃធម៌ជាលោកបាល
សូម្បីហិរិ និងឱត្តប្បៈក៏គប្បីជ្រាបថា ខាងដើម លោកកាន់យកដោយ អំណាចនៃភាពជាពល ក្នុងទីនេះ លោកកាន់យកដោយអំណាចនៃលោកបាល ។ ពិតហើយ ធម៌ទាំង ២ នេះ រមែងរក្សាលោក ដូចព្រះតម្រាស់ ( ក្នុងអង្គុត្តរនិកាយ ទុកនិបាត ) ថា ម្នាលភិក្ខុទាំងឡាយ ធម៌ស ២ ប្រការ នេះ តែងរក្សានូវសត្វលោក ។ ធម៌ស ២ ប្រការ គឺអ្វីខ្លះ ។ គឺហិរិ ១ ឱត្តប្បៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ( បើ ) ធម៌សទាំងឡាយ ២ ប្រការ នេះ មិនរក្សានូវសត្វលោកទេ ត្រង់ពាក្យថា មាតាក្តី ថាម្តាយមីងក្តី ថាម្តាយធំក្តី ថាភរិយារបស់អាចារ្យក្តី ថាប្រពន្ធរបស់គ្រូក្តី មិនប្រាកដក្នុង លោកនេះឡើយ សត្វលោកនឹងដល់នូវការច្រឡូកច្រឡំដូចសត្វពពែ ចៀម មាន់ ជ្រូក សុនខ និងចចកទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ស ២ ប្រការនេះ តែងរក្សានូវសត្វលោក បានជាពាក្យថា មាតាក្តី ថា ម្តាយមីងក្តី ថាម្តាយធំក្តី ថាភរិយារបស់អាចារ្យក្តី ថាប្រពន្ធរបស់គ្រូក្តី តែងមានប្រាកដ ( ក្នុងលោក ) ដូច្នេះ ។