អធិប្បាយពាក្យថាយេវាបនកនយ

ក្បាលទី 64 · ទំព័រ 408

ពាក្យថា យេវាបន តស្មឹ សមយេ អញ្ញេបិ អត្ថិ បដិច្ចសមុប្បន្នា អរូបិនោ ធម្មា ឥមេ ធម្មា កុសលា ( ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងដោយអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ ជាកុសល ) អធិប្បាយថា កុសលធម៌ជាង ៥០ នេះ ព្រះមានព្រះភាគ ទ្រង់លើកឡើងសម្តែងដោយលំដាប់ថា ផស្សៈរមែងមាន ។ បេ ។ អវិក្ខេបៈ រមែងមាន តែម្យ៉ាងក៏ទេ តាមពិត ទ្រង់សម្តែងថា មហាកុសលចិត្តដែលជា អសង្ខារិកដួងទីមួយ សហគតៈដោយសោមនស្ស ជាតិហេតុកៈខាងកាមាវចរ កើតឡើងក្នុងសម័យណា ធម៌ពួកដទៃដែលជាយេវាបនកធម៌ ដែល សម្បយុត្តដោយធម៌ទាំងនោះនុ៎ះឯង មានផស្សៈជាដើម ប្រព្រឹត្តទៅដែលអាស្រ័យបច្ច័យដ៏សមគួររៀងៗ ខ្លួន កើតឡើងជា អរូប ព្រោះការមិនមានរូបជាធម៌ ដែលរកបានតាមសភាវៈមាននៅក្នុងសម័យនោះ ធម៌ទាំងអស់នេះ ជា កុសល ។ ព្រះមានព្រះភាគ ជាធម្មរាជា កាលសម្តែងធម៌ច្រើនជាង ៥០ ដែល លើកឡើងក្នុងបាលី ដោយអំណាចនៃចំណែកប្រកបរបស់ចិត្ត ដោយ ពុទ្ធវចនៈ មានប្រមាណបុណ្ណេះហើយ ទើបទ្រង់សម្តែងធម៌ ៩ យ៉ាង ដទៃទៀត ដោយអំណាចនៃយេវាបនកធម៌ ។ ពិតហើយ បណ្តាបទក្នុង ព្រះសូត្រទាំងនោះ ធម៌ទាំង ៩ នេះ រមែងប្រាកដ គឺឆន្ទៈ ១ អធិមោក្ខ ១ មនសិការ ១ តត្រមជ្ឈត្តតា ១ ករុណា ១ មុទិត្បា១ ១ កាយទុច្ចរិតវិរតិ ១ វចីទុច្ចរិតវិរតិ ១ មិច្ឆាជីវវិរតិ ១ ។ មួយទៀត ក្នុងមហាកុសលចិត្តដួងទីមួយនេះ ឆន្ទៈក្នុងកុសលធម៌នៃភាពជាអ្នកប្រាថ្នាដើម្បីធ្វើក៏មាន តែ ទ្រង់មិនបានលើកក្នុងព្រះបាលី ដោយអំណាចនៃចំណែកប្រកបរបស់ចិត្តក ្នុងទីនេះ ឆន្ទៈនោះ ទ្រង់កាន់យកដោយអំណាចនៃយេវាបនកធម៌ ។ អធិមោក្ខ មនសិការ តត្រមជ្ឈត្តតា និងបុព្វភាគនៃមេត្តា ក៏មាន ។