អដ្ឋកថា រូបាវចរកុសល ចតុក្កនយ

ក្បាលទី 64 · ទំព័រ 528

រូបវចរកុសល ចតុក្កន័យ ឥឡូវនេះ ដើម្បីសម្តែងរូបាវចរកុសល ទើបព្រះមានព្រះភាគ ទ្រង់ផ្តើមពាក្យជាដើមថា កតមេ ធម្មា កុសលា ដូច្នេះ ។ បណ្តាបទ ទាំងនោះ បទថា រូបូបបត្តិយា មគ្គំ ភាវេតិ សេចក្តីថា រូបភព លោក ហៅថា រូប ។ បទថា ឧបបត្តិ បានដល់ ការកើតឡើង គឺការកើត ការកើត ព្រម ។ បទថា មគ្គោ បានដល់ ឧបាយ ។ សេចក្តីនៃពាក្យក្នុងបទថា មគ្គ នេះ ដូច្នេះថា សភាវធម៌ដែលឈ្មោះថា មគ្គ ព្រោះអត្ថថា ស្វែងរក គឺស្វែងរក ឲ្យកើត ឲ្យសម្រេចនូវការចូលដល់នោះ មានអធិប្បាយថា ការចូល ដល់ ការកើតឡើង ការកើត ការកើតព្រម រមែងមានក្នុងរូបភពដោយ មគ្គណា ព្រះយោគាវចរ រមែងចម្រើនមគ្គនោះ ។ សួរថា ដោយមគ្គនោះ មានការចូលដល់រូបភពដោយពិតប្រាកដឬ ឆ្លើយថា មិនពិតប្រាកដ ។ ព្រោះថា ការឈានកន្លងរូបភព រមែងមានដោយចំណែកនៃការចាក់ធ្លុះដែល ព្រះមានព្រះភាគត្រាស់ ( ក្នុងសំយុត្តនិកាយ ខន្ធវារវគ្គ ) យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ចម្រើននូវសមាធិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តតម្កល់មាំហើយ រមែងដឹងច្បាស់តាមសេចក្តីពិត ដូច្នេះ ។ តែឈ្មោះថាមគ្គដទៃក្រៅអំពីមគ្គនេះ ដើម្បីការចូលដល់រូបភព រមែងមិនមាន ដោយហេតុនោះ ទើបត្រាស់ថា បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូប- ភព ដូច្នេះ ។ មួយទៀត កាលពោលដោយអត្ថ ធម្មតាមគ្គនេះ ជាចេតនា ក៏មាន ជាធម៌ដែលសម្បយុត្តដោយចេតនា ក៏មាន ទាំងជាចេតនាផង ធម៌ ដែលសម្បយុត្តដោយចេតនាផង ទាំង ២ ក៏មាន ។ ពិតហើយ ចេតនា ឈ្មោះថា មគ្គ ដូចព្រះតម្រាស់ ( ក្នុងមជ្ឈិមនិកាយ មូលបណ្ណាសក ) នេះ ថា ម្នាលសារីបុត្ត តថាគតស្គាល់នរកផង ស្គាល់ផ្លូវ ( ចេតនា ) ជាទី ទៅកាន់នរកផង ដូច្នេះ ។