អដ្ឋកថា ព្រហ្មវិហារជ្ឈាន ៤

ក្បាលទី 64 · ទំព័រ 639

ព្រហ្មវិហារជ្ឈាន ឥឡូវនេះ ដើម្បីសម្តែងរូបាវចរកុសល ដែលប្រព្រឹត្តទៅដោយ អំណាចព្រហ្មវិហារ មានមេត្តាជាដើម ទើបព្រះមានព្រះភាគ ផ្តើមពាក្យជាដើម ថា កតមេ ធម្មា កុសលា ដូច្នេះទៀត ។ បណ្តាបទទាំងនោះ បទថា មេត្តាសហគតំ បានដល់ ប្រកបដោយមេត្តា ។ សូម្បីក្នុងបទថា ករុណាសហគតំ ជាដើមខាងមុខ ក៏ន័យនេះដូចគ្នា ។ ព្រះយោគាវចរនោះ បដិបត្តិហើយដោយវិធីណា ទើបចូលដល់ឈានដែលសហគតៈដោយមេត្តា ជាដើម វិធីចម្រើនមេត្តាជាដើមនោះ ខ្ញុំឲ្យពិស្តារក្នុងវិសុទ្ធិមគ្គហើយ ចំណែកសេចក្តីក្នុងព្រះបាលីដ៏សេស គប្បីជ្រាបដោយន័យដែលពោល ក្នុងបឋវីកសិណនុ៎ះឯង ។ តែក្នុងបឋវីកសិណ បានធម៌ពួក ៩ រួម ២៥ ន័យ ។ ក្នុងព្រហ្មវិហារនេះ ក្នុងព្រហ្មវិហារ ៣ ខាងដើម បានធម៌ពួក ៧ រួម ២៥ ន័យ ដោយអំណាចតិកជ្ឈាន និងចតុក្កជ្ឈានជាដើម ក្នុងឧបេក្ខា បាន ធម៌ពួកមួយ រួម ២៥ ន័យ ដោយអំណាចនៃឈានទី ៤ ម្យ៉ាងទៀត ក្នុង ករុណា និងមុទិតា រមែងបានយេវាបនកធម៌ទាំងនេះ គឺករុណា និងមុទិតានិ ងធម៌ ៤ មានឆន្ទៈជាដើម ។ មួយទៀត ភាពជាទុក្ខាបដិបទាជាដើម ក្នុងព្រហ្មវិហារនេះ គប្បីជ្រាប ដោយអំណាចការសង្កត់ព្យាបាទដោយមេត្តា ការសង្កត់វិហឹសាដោយករុណា ។ ការសង្កត់អរតិដោយមុទិតា ការសង្កត់រាគៈ និងបដិឃៈដោយឧបេក្ខា មុន នោះឯង ។ ចំណែកសេចក្តីដែលប្លែកគ្នា មានដូច្នេះថា ភាពជាបរិត្តារម្មណ៍ រមែងមិនមានដោយអំណាចនៃសត្វជាច្រើនជាអារម្មណ៍ ចំណែកភាពជាអប្បមាណារម្មណ៍ រមែងមានដោយអំណាចមានសត្វច្រើនជាអារម្មណ៍ ដូច្នេះ ។ ពាក្យដ៏សេសដូចគ្នានោះឯង ។