អត្ថរបស់ វេលា សព្ទ

ក្បាលទី 64 · ទំព័រ 741

ពាក្យថា ឱរមណ នុ៎ះឯង ។ បុគ្គលកាលពោលមុសាវាទជាដើម ឈ្មោះថា រមែងធ្វើដោយចេតនាណា វិរតិក្នុងលោកុត្តរមគ្គនេះកើតឡើងហើយ រមែង មិនឲ្យធ្វើកិរិយានោះ រមែងកាត់ផ្តាច់ផ្លូវនៃការធ្វើ ព្រោះហេតុនោះ ទើប ចេតនានោះ ឈ្មោះថា អកិរិយា ( មិនសាង ) ។ មួយទៀត ធម្មជាតណា មិនឲ្យធ្វើការប្រកបនោះ កាត់ផ្តាច់ផ្លូវជាគ្រឿងប្រកប ព្រោះហេតុនោះ ទើប ធម្មជាតនោះ ឈ្មោះថា អករណំ ( មិនធ្វើ ) ។ មួយទៀត បុគ្គលកាល ពោលវចីទុច្ចរិត ៤ យ៉ាង ដោយចេតនាណា ឈ្មោះថា រមែងកន្លងល្មើស វិរតិក្នុងលោកុត្តរមគ្គនេះកើតឡើងហើយ រមែងមិនឲ្យកន្លងល្មើសយ៉ាងនោះ ព្រោះហេតុនោះ ទើបចេតនានោះ ឈ្មោះថា អនជ្ឈាបត្តិ ( មិនប្រពឹត្ត ល្មើស ) ។ ក្នុងបទនេះថា វេលាអនតិក្កមោ អធិប្បាយថា កាល ហៅថា វេលា ដូចក្នុងប្រយោគជាដើមថា តាយ វេលាយ ក្នុងកាលនោះ ដូច្នេះ ។ រាសិ ( គំនរ ) ហៅថា វេលា ដូចក្នុងប្រយោគជាដើមថា ឧរុវេលាយំ វិហរតិ គង់នៅក្នុងឧរុវេលាប្រទេស ( គំនរខ្សាច់ ) សីមា ( ព្រំដែន ) ហៅថា វេលា ដូចក្នុងប្រយោគជាដើមថា ឋិតធម្មោ វេលំ នាតិវត្តតិ តាំងនៅនឹង ជាធម្មតាមិនដែលឡើង ឬជោរហួសច្រាំងទៅ ដូច្នេះ ។ ក្នុងអធិការនេះ ទ្រង់បំណងយកវេលា គឺព្រំដែនបុណ្ណោះ ពិតហើយ វចីសុចរិត ៤ ទ្រង់ បំណងយកថា វេលា ( គឺព្រំដែន ) ព្រោះអត្ថថា មិនគួរប្រព្រឹត្តកន្លង ។ ដោយប្រការដូច្នេះ បុគ្គលកាលពោលវចីទុច្ចរិត ៤ ដោយចេតនាណា ឈ្មោះថា រមែងប្រព្រឹត្តកន្លងព្រំដែន វិរតិក្នុងលោកុត្តរមគ្គនេះកើតឡើងហើយ រមែងមិនឲ្យប្រព្រឹត្តកន្លងព្រំដែននោះ ព្រោះហេតុនោះ ទើបចេតនានោះ ទ្រង់ ត្រាស់ថា វេលាអនតិក្កមោ ។ ម្យ៉ាងទៀត ឈ្មោះថា វេលា ព្រោះអត្ថថា រមែងឲ្យថមថយទៅ អធិប្បាយថា ធ្វើឲ