អដ្ឋកថា មគ្គចិត្តដួងទី ២ ជាដើម
មគ្គចិត្តដួងទី ២ ជាដើម [ ២៧១-២៧៤ ] ឥឡូវនេះ ដើម្បីទ្រង់សម្តែងមគ្គទីពីរជាដើម ទើបផ្តើម បទថា កតមេ ធម្មា កុសលា ដូច្នេះទៀត ។ បណ្តាបទទាំងនោះ បទថា កាមរាគព្យាបទានំ តនុភាវាយ បាន ដល់ ដើម្បីប្រយោជន៍ដល់ការធ្វើកិលេសទាំងនោះឲ្យស្រាលស្តើង ។ ពាក្យ នោះ គប្បីជ្រាបការធ្វើឲ្យស្រាលស្តើងដោយហេតុ ២ យ៉ាង គឺការកើតឡើង ក្នុងកាលខ្លះ និងការរួបរឹតដ៏ទន់ខ្សោយ ។ ពិតហើយ កិលេសទាំងឡាយ រមែងមិនកើតឡើងរឿយៗ ដល់ព្រះ សកទាគាមី ដូចកើតឡើងដល់មហាជនដែលត្រាច់រង្គាត់ទៅក្នុងវដ្តៈ រមែង កើតឡើងក្នុងកាលខ្លះ កាលកើតឡើង ក៏ជាការដែលកើតឡើងស្រាលៗ ដូច ពន្លកពូជក្នុងស្រែដែលគេព្រោះស្តើងៗ កាលកើតឡើងក៏ផ្សាយទៅ បិទបាំង ស្រាលៗ មិនកើតឡើងធ្វើការងងឹត ដូចកើតឡើងដោយមហាជនដែលត្រាច់ ទៅក្នុងវដ្តៈ ។ ព្រោះត្រូវមគ្គទាំងពីរប្រហារហើយ ទើបកើតឡើងស្រាលៗ រមែងកើតឡើងជាសភាវៈស្រាលៗ ដូចពពកស្តើងៗ និងដូចស្លាបរុយ ។ ក្នុងសេចក្តីនេះ ព្រះថេរៈពួកខ្លះពោលថា កិលេសកើតឡើង ដល់ព្រះ សកទាគាមីយូរៗ ម្តងក៏ពិត ទោះបីជាដូច្នោះ ក៏ជាកិលេសក្រាស់នោះឯងកើតឡើង ព្រោះថា ព្រះសកទាគាមីនោះនៅមានបុត្ត និងធីតាប្រាកដនៅឡើយ ។ តែសេចក្តីនេះ មិនជាប្រមាណ ព្រោះថា បុត្ត និងធីតារមែងមានដោយហេតុ ត្រឹមតែការស្ទាបអង្អែលអវ័យវៈតូចធំក៏មាន តែភាពដែលកិលេសទាំងឡាយ នៅក្រាស់មិនមាន ព្រោះកិលេសទាំងឡាយ លោកលះដោយមគ្គទាំងពីរ ហើយ ព្រោះហេតុនោះ គប្បីជ្រាបភាពស្រាលស្តើងនៃកិលេសទាំងឡាយ របស់ព្រះសកទាគាមីនោះ ដោយហេតុ ២ គឺដោយការកើតឡើងក្នុងគ្រាខ្លះ និងដោយការរួបរឹតដ៏ទន់ខ្សោយ ។ បទថា ទុតិយាយ បានដល់ ទី ២ ដោយអំណាចនៃការរាប់ខ្លះ ដោយ អំណាចនៃការកើតឡើងគ្រាទី ២ ខ្លះ ។