វិបាកុទ្ធារកថា

ក្បាលទី 65 · ទំព័រ 94

ឥឡូវនេះគួរនឹងតាំងមាតិកាក្នុងកថា ពោលអំពីវិបាក ដូចតទៅនេះថា ព្រះចូឡនាគត្ថេរអ្នកទ្រទ្រង់ព្រះត្រៃបិដក ពោលទុកមុនថា ក្នុងកុសលចេតនាមួយដួង រមែងកើតវិបាកចិត្តបាន ១៦ ដួង ក្នុងកុសលចេតនានេះឯង ជាហេតុឲ្យកើតវិបាកចិត្ត ១២ ដួងខ្លះ ជាអហេតុកចិត្ត ៨ ដួងខ្លះ ដូច្នេះ ។ ចំណែកព្រះមហាទត្តត្ថេរអ្នកនៅក្នុងមោរវាបិវិហារពោលថា ក្នុងកុសល ចេតនាមួយដួង រមែងកើតវិបាកចិត្តបាន ១២ ដួង ក្នុងកុសលចេតនានេះឯង ជាហេតុឲ្យកើតវិបាកចិត្ត ១០ ដួងខ្លះ ជាអហេតុកចិត្ត ៨ ដួងខ្លះ ។ តែព្រះមហាធម្មរក្ខិតត្ថេរអ្នកទ្រទ្រង់ព្រះត្រៃបិដក ពោលថា ក្នុងកុសលចេតនាមួយដួង រមែងកើតវិបាកចិត្ត ១០ ដួង ក្នុងកុសលចេតនានេះឯង ជា អហេតុកចិត្ត ៨ ដួង ។ ក្នុងឋានៈនេះ ព្រះថេរៈទាំងនោះកាន់យករឿង ឈ្មោះថា សាកេតកបញ្ញា ។ បានឮថា ពួកឧបាសកអ្នកនៅក្នុងនគរសាកេត អង្គុយក្នុងសាលា តាំងបញ្ញាថា ក្នុងកម្មដែលប្រកបហើយដោយចេតនាមួយដួង មានបដិសន្ធិ តែមួយ ឬច្រើនយ៉ាង មិនអាចវិនិច្ឆ័យបាន ទើបនាំគ្នាទៅសួរព្រះថេរៈអ្នក ទ្រទ្រង់ព្រះអភិធម្ម ។ ព្រះថេរៈទាំងឡាយ ឲ្យពួកឧបាសកទាំងនោះ ព្រម ទទួលដោយពាក្យថា ពន្លកមួយបុណ្ណោះ រមែងចេញពីគ្រាប់ស្វាយតែមួយ យ៉ាងណា បដិសន្ធិក៏មានតែមួយប៉ុណ្ណោះក៏យ៉ាងនោះ ។ ក្នុងថ្ងៃតមកក៏តាំង បញ្ញាថា ក្នុងកម្មដែលបុគ្គលប្រកបហើយ ដោយចេតនាផ្សេងៗ រមែងមាន បដិសន្ធិផ្សេងៗ ឬមានបដិសន្ធិមួយ ដូច្នេះ កាលមិនអាចវិនិច្ឆ័យបានទើប នាំគ្នាទៅសួរព្រះថេរៈទាំងឡាយ ព្រះថេរៈទាំងឡាយ ញ៉ាំងឧបាសកទាំងនោះ ឲ្យព្រមទទួលដោយពាក្យថា កាលគ្រាប់ស្វាយច្រើន ពន្លកក៏រមែងដុះឡើង ច្រើន យ៉ាងណា បដិសន្ធិរមែងមានច្រើនក៏យ៉ាងនោះ ។