អដ្ឋកថា អធិប្បាយកិរិយាមនោធាតុចិត្ត

ក្បាលទី 65 · ទំព័រ 194

អធិប្បាយ កិរិយាអព្យាកត អធិប្បាយ កិរិយាមនោធាតុចិត្ត ឥឡូវនេះព្រះមានព្រះភាគ បំណងនឹងសម្តែងចែកកិរិយាអព្យាកត ទើបទ្រង់ផ្តើមពាក្យជាដើមថា កតមេ ធម្មា អព្យាកតា ដូចតទៅ នេះថា បណ្តាបទកិរិយាអព្យាកតទាំងនោះ បទថា កិរិយា បានដល់ ត្រឹមតែ ការធ្វើ ។ មែនពិត ក្នុងកិរិយាចិត្តគ្រប់ដួងនោះឯង កិរិយាចិត្តណាមិនដល់ ភាពជាជវន កិរិយាចិត្តនោះរមែងមិនមានផល ដូចផ្កាឈើខ្យល់ ( ផ្កាចោល ផ្កាមិនផ្លែ ) កិរិយាចិត្តណាដល់ភាពជាជវន កិរិយាចិត្តនោះក៏មិនមានផល ដូចផ្កាឈើដែលមានឫសដាច់ហើយ រមែងត្រឹមតែជាការធ្វើបុណ្ណោះ ព្រោះ ប្រព្រឹត្តទៅដោយអំណាចញ៉ាំងកិច្ចនោះៗឲ្យសម្រេច ព្រោះហេតុនោះ ទើប ត្រាស់ថា កិរិយា ( ការធ្វើ ) ។ គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យថា នេវ កុសលា នាកុសលា ជាដើមដូចតទៅ នេះថា សភាវធម៌ដែលឈ្មោះថា មិនមែនជាកុសល ព្រោះការមិនមានកុសលហេតុ ពោលគឺកុសលមូល ។ ដែលឈ្មោះថា មិនមែនជាអកុសល ព្រោះ ការមិនមានអកុសលហេតុ ពោលគឺអកុសលមូល ដែលឈ្មោះថា មិនមែន ជាកុសល មិនមែនជាអកុសល ព្រោះការមិនមានកុសលនិងអកុសល ជា បច្ច័យ ពោលគឺមិនមានយោនិសោមនសិការនិងអយោនិសោមនសិការ ។ ដែលឈ្មោះថា មិនមែនកម្មវិបាក ព្រោះមិនមានហេតុឲ្យកើតឡើង ពោលគឺ កុសលនិងអកុសល ។ ក្នុងនិទ្ទេសនៃឯកគ្គតានៃចិត្តដែលជាកិរិយាមនោធាតុនេះ រមែងបានត្រឹមតែ ការតាំងនៅក្នុងបវត្តិកាលបុណ្ណោះ ។ មែនពិត ចិត្ត ១៧ ដួងនេះ គឺ ទ្វិបញ្ចវិញ្ញាណ ១០ មនោធាតុ ៣ មនោវិញ្ញាណធាតុ ៣ វិចិកិច្ឆាសហគតចិត្ត ១ រមែងមិនបានសភាពជាដើមថា សណ្ឋិតិ អវដ្ឋិតិ ( ការតាំងនៅនៃ ចិត្ត ការតាំងមាំនៃចិត្ត ) ព្រោះជាសភាពទុព្វល ។