អធិប្បាយ មហាកិរិយាចិត្ត ៨ ដួង
ក្បាលទី 65 · ទំព័រ 199
មហាកិរិយាចិត្ត ៨ ដួងនុ៎ះឯង ខាងកុសលពួកណាជាកិរិយាចិត្ត ព្រោះការកើតឡើងដល់ព្រះខីណាស្រព ព្រោះហេតុនោះឥឡូវនេះ គប្បីជ្រាបមហាកិរិយាចិត្តទាំងនោះ ដោយន័យតាមដែលពោលក្នុងកុសលនិទ្ទេសនុ៎ះឯង ។ អធិប្បាយមហាកិរិយាចិត្ត ៨ ដួង ចប់ ៥ ពោលដោយ ហសនកចិត្ត ១៣ ដួង បណ្ឌិតគប្បីញ៉ាំងហសនកចិត្តឲ្យប្រជុំចុះក្នុងទីនេះ ។ សួរថា ហសនកចិត្តទាំងនេះ មានបុន្មាន ឆ្លើយថា មាន ១៣ ដួង ។ មែនពិត បុថុជ្ជន រមែងសើចដោយចិត្ត ៨ ដួង គឺកុសលចិត្តសហគតៈដោយសោមនស្ស ៤ ដួង អកុសលចិត្តសហគតៈដោយសោមនស្ស ៤ ដួង ។ ព្រះសេក្ខៈរមែង សើចដោយចិត្ត ៦ ដួង គឺកុសលចិត្តដែលសហគតៈដោយសោមនស្ស ៤ ដួង អកុសលចិត្តដែលសហគតៈដោយសោមនស្ស មិនប្រកបដោយទិដ្ឋិ ២ ដួង ។ ព្រះខីណាស្រព រមែងសើចដោយកិរិយាចិត្ត ដែលសហគតៈដោយ សោមនស្ស ៥ ដួង គឺហសិតុប្បាទចិត្តសហគតៈដោយសោមនស្ស ១ ដួង មហាកិរិយាចិត្តសហគតៈដោយសោមនស្ស ៤ ដួង ។ អធិប្បាយកាមាវចរកិរិយា ចប់