អធិប្បាយ ឧទ្ទេស

ក្បាលទី 65 · ទំព័រ 218

រូបកណ្ឌ អធិប្បាយ ឧទ្ទេស ឥឡូវនេះ ព្រះមានព្រះភាគទ្រង់បំណងនឹងចែករូបកណ្ឌ ទើប ទ្រង់ផ្តើមពាក្យថា កតមេ ធម្មា អព្យាកតា ដូច្នេះទៀត ។ ក្នុងពាក្យថា ពួកធម៌ជាអព្យាក្រឹត តើដូចម្តេចនោះ ទ្រង់ចែកវិបាកដែលជាអព្យាកតៈ និង កិរិយាដែលជាអព្យាកតៈទុកទាំងអស់ហើយ ក្នុងចិត្តុប្បាទកណ្ឌដែលកន្លងមកហើយ ក៏ពិត តែទ្រង់មិនទាន់បានត្រាស់អព្យាកត គឺរូប និងអព្យាកតៈគឺព្រះ និព្វាន ។ កាលទ្រង់ប្រមូលអព្យាក្រឹតទាំង ៤ មកសម្តែង ដើម្បីត្រាស់ អព្យាកតៈទាំងពីរ ដែលនៅសល់នោះ ទើបត្រាស់ថា កុសលាកុសលានំ ធម្មានំ វិបកា ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា កុសលាកុសលានំ បានដល់ កុសលនិង អកុសលទាំងឡាយដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ។ ព្រះអង្គទ្រង់កាន់យកបទ ទាំងពីរ គឺកុសលវិបាកនិងអកុសលវិបាក សម្តែងអព្យាកតវិបាកចិត្តទុក ដោយពាក្យមានប្រមាណបុណ្ណេះ ។ តែព្រោះអព្យាកតៈទាំងអស់នោះ ជា កាមាវចរក៏មាន ជាធម៌យ៉ាងណានីមួយមានរូបាវចរជាដើមក៏មាន ហេតុនោះ ទើបទ្រង់សម្តែងអព្យាកតៈ គឺវិបាកនោះនុ៎ះឯង កាន់យកការផ្សេងគ្នានៃភូមិ ដោយន័យមានពាក្យថា កាមាវចរា ជាដើម មួយទៀត ព្រោះអព្យាក្រឹត នោះ ជាវេទនាខន្ធក៏មាន ។ បេ ។ ជាវិញ្ញាណក្ខន្ធក៏មាន ហេតុនោះទើបទ្រង់ កាន់យកអព្យាក្រឹតនោះ សម្តែងដោយអំណាចខន្ធ ៤ ដែលសម្បយុត្តគ្នា ។ កាលទ្រង់សម្តែងអព្យាកតៈ គឺវិបាកចិត្តយ៉ាងនេះ ដោយកាន់យកន័យ ទាំង ៣ គឺដោយអំណាចកុសលនិងអកុសល ដោយអំណាចសេចក្តីផ្សេងគ្នា នៃភូមិ និងដោយអំណាចខន្ធដែលសម្បយុត្តគ្នាយ៉ាងនេះហើយ កាលទ្រង់ សម្តែងអព្យាកតៈ គឺកិរិយាចិត្តទៀត ទើបត្រាស់ពាក្យជាដើមថា យេ ច ធម្មា កិរិយា ដូច្នេះ ។