អធិប្បាយ ឯកកនិទ្ទេស

ក្បាលទី 65 · ទំព័រ 235

ឥឡូវនេះ ព្រះមានព្រះភាគទ្រង់បំណងនឹងចែករូបវិភត្តិនោះ ទើបផ្តើមត្រាស់ពាក្យជាដើមថា សព្វំ រូបំ ន ហេតុមេវ ដូច្នេះ ។ សួរថា ក្នុងឯកកនិទ្ទេសនេះ ព្រោះហេតុអ្វីទើបព្រះមានព្រះភាគមិនបាន ធ្វើសំនួរថា រូបទាំងអស់នោះមិនមែនជាហេតុ តើដូចម្តេច ដូច្នេះ ឆ្លើយថា ព្រោះមិនមានសេចក្តីផ្សេងគ្នា ។ ពិតណាស់ ក្នុងឯកកនិទ្ទេសនេះ ក្នុងសេចក្តីដែលផ្សេងគ្នាយ៉ាងនេះថា រូបទាំងអស់ មិនមែនហេតុខ្លះ ជាហេតុខ្លះ រមែងមិនមាន ដូចក្នុងរូបទុកៈ ជាដើម រូបជាឧបាទាក៏មាន មិនជាឧបាទាក៏មាន ព្រោះហេតុនោះ ទើបទ្រង់ មិនបានតាំងសំនួរចែកទុក ។ បណ្តាពាក្យទាំងនោះ ពាក្យថា សព្វំ បានដល់ ទាំងអស់ គឺមិនមាន សេសសល់ ។ ពាក្យថា រូបំ នេះ ទ្រង់ពង្រីកដល់សាមញ្ញលក្ខណៈដែលសម្តែងដល់ រូបដែលត្រូវប្រែប្រួលទៅ ដោយវិរោធិប្បច្ច័យ ( បច្ច័យដែលជាសត្រូវនឹង គ្នា ) មានត្រជាក់ជាដើម ។ ពាក្យថា ន ហេតុមេវ ទ្រង់ពង្រីកសេចក្តីដល់ការបដិសេធហេតុទួទៅ ។ ក្នុងបទថា ន ហេតុមេវ នោះ ហេតុមាន ៤ យ៉ាងគឺ ហេតុហេតុ ១ បច្ចយហេតុ ១ ឧត្តមហេតុ ១ សាធារណហេតុ ១ ។ បណ្តាហេតុទាំង ៤ យ៉ាងនោះ ហេតុនេះគឺ កុសលហេតុ ៣ អកុសល់ហេតុ ៣ អព្យាកតហេតុ ៣ ឈ្មោះថា ហេតុហេតុ ។ ហេតុនេះទ្រង់ ត្រាស់ទុក ( ក្នុងមជ្ឈិមនិកាយឧបរិបណ្ណាសក ) ថា ម្នាលភិក្ខុ មហាភូត ទាំង ៤ ជាហេតុ មហាភូត ទាំង ៤ ជាបច្ច័យដែលនាំឲ្យបញ្ញត្តនូវរូបក្ខន្ធ ដូច្នេះ ឈ្មោះថា បច្ចយហេតុ ។ ហេតុដែលលោកពោលទុកថា កុសលធម៌ និងអកុសលធម៌ជាហេតុដ៏ប្រសើរ ក្នុងឋានៈនៃការឲ្យផលរបស់ខ្លួន ឥដ្ឋារម្មណ៍ជាហេតុប្រសើរក្នុងឋានៈនៃកុសលវិបាក អនិដ្ឋារម្មណ៍ជាហេតុប្រសើរ ក្នុងឋានៈនៃអកុសលវិបាក ឈ្មោះថា ឧត្តមហេតុ ។ សមដូចព្រះត