អដ្ឋកថា អធិប្បាយចតុក្កនិទ្ទេស
ក្បាលទី 65 · ទំព័រ 376
[ ១៣៤-១៥៥ ] ក្នុងបទចុងក្រោយនៃការសង្គ្រោះរូប ៤ ពួក ព្រះមាន ព្រះភាគទ្រង់មិនបានតាំងសំនួរទុកអំពីខាងដើម តែត្រាស់ពាក្យថា រូបយតនំ ទិដ្ឋំ សទ្ទាយតនំ សុតំ ដូច្នេះជាដើម ព្រោះមិនមានការប្លែកគ្នានៃ ពាក្យថា ទិដ្ឋំ ជាដើម ជាមួយនឹងពាក្យចុងក្រោយ គឺពាក្យថា វិញ្ញាតំ ។ បណ្តារូបទាំងនោះ រូបាយតនៈ ឈ្មោះថា ទិដ្ឋំ ព្រោះអត្ថថា អាចសម្លឹង មើលដោយចក្ខុហើយឃើញបាន ។ សទ្ទាយតនៈ ឈ្មោះថា សុតំ ព្រោះ អត្ថថា អាចស្តាប់សំឡេងដោយសោតៈហើយដឹងបាន ។ ពួកបីនៃអាយតនៈ មានគន្ធាយតនៈជាដើម ឈ្មោះថា មុតំ ដោយអត្ថថា គប្បីទទួលដឹងតាម ឃានៈ ជិវ្ហា និងកាយបាន ព្រោះទទួលអារម្មណ៍ដែលដល់ហើយ ។ ព្រះមាន ព្រះភាគ ត្រាស់ថា ឈ្មោះថា មុតំ ព្រោះពាល់ត្រូវហើយ ទើបជាហេតុឲ្យ វិញ្ញាណកើតឡើង ដូច្នេះ ក៏មាន ។ ចំណែករូបទាំងអស់នុ៎ះឯង ឈ្មោះថា មនសា វិញ្ញាតំ ព្រោះអត្ថថា គប្បីដឹងដោយមនោវិញ្ញាណ ។