អដ្ឋកថា អធិប្បាយបញ្ចកនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃការសង្គ្រោះរូបជាពួក ៥ ដូចតទៅ នេះថា បទថា កក្ខឡំ បានដល់ រឹងកំព្រឹស ។ ការរឹងនុ៎ះឯង ហៅថា ខរគតំ អធិប្បាយថា គ្រោតគ្រាត ។ បទថា កក្ខឡត្តំ កក្ខឡភាវោ ទាំង ២ ក្រៅអំពីនេះ ក៏ជាការអធិប្បាយសភាវៈនុ៎ះឯង ។ បទថា អជ្ឈត្តំ បានដល់ ជាខាងក្នុងដែលកើតក្នុងខ្លួន ។ បទថា ពហិទ្ធា បានដល់ ជាខាងក្រៅ ។ បទថា ឧបទិន្នំ បានដល់ មានកម្មជាសមុដ្ឋាន បុណ្ណោះក៏មិនមែន ។ ពាក្យថា ឧបទិន្នំ នេះ ជាការប្រារព្ធរូបដែលតាំងនៅក្នុង សរីរៈ ដោយមិនផ្សេងគ្នា ។ មែនពិត រូបដែលតាំងនៅក្នុងសរីរៈ ជា ឧបាទិន្នៈក្តី ជាអនុបាទិន្នៈក្តី ឈ្មោះថា ជាឧបាទិន្នៈទាំងអស់ដោយអំណាច នៃរូបដែលតណ្ហាកាន់យកដែលមានះប្រកាន់ និងដែលទិដ្ឋិចាប់យកហើយ ។ បទថា តេជោគតំ បានដល់ ធម្មជាតិដែលទៅក្នុងតេជោធាតុទាំងអស់ ដែលមានការក្តៅជាលក្ខណៈ ម្យ៉ាងទៀត ធម្មជាតិដែលដល់នូវភាពជារបស់ ក្តៅ គឺតេជោធាតុ ព្រោះហេតុនោះ ទើបឈ្មោះថា តេជោគតំ ។ បទថា ឧស្មា បានដល់ អាការដែលក្តៅ ។ បទថា ឧស្មាគតំ បានដល់ ធម្មជាត ដែលដល់នូវភាវៈក្តៅ ។ ពាក្យនេះជាឈ្មោះរបស់អាការៈដែលក្តៅ ។ បទថា ឧសុមំ បានដល់ កម្តៅដ៏មានកម្លាំង ធម្មជាតដែលដល់នូវភាពក្តៅ គឺកម្តៅ ព្រោះហេតុនោះ ទើបឈ្មោះថា ឧសុមគតំ ( កំសួលក្តៅ ) ។ រូបដែលឈ្មោះថា វាយោ ដោយអំណាចនៃធម្មជាតដែលបក់ទៅមក ។ ការបក់ទៅមកនោះឯង ឈ្មោះថា វាយោគតំ ព្រោះដល់នូវភាវៈដែលបក់ ទៅមក ។ បទថា ថម្ភិតត្តំ បានដល់ ភាពដែលរូបត្រូវគាំទ្រ ដូចភាពដែល ទងនិងសម្បកឧប្បលជាដើម ដែលពេញដោយខ្យល់ ត្រូវខ្យល់គាំទ្រទុក ។