អដ្ឋកថា អធិប្បាយឆក្កនិទ្ទេសជាដើម
អធិប្បាយ ឆក្កនិទ្ទេសជាដើម [ ១៥៧-១៥៩ ] ព្រះមានព្រះភាគទ្រង់អធិប្បាយដោយមិនបានសាកសួរ អំពីខាងដើមឡើយព្រោះមិនមានសេចក្តីផ្សេងគ្នានៃបទចុងក្រោយ ( មនោវិញ្ញេយ្យំ ) នៃការសង្គ្រោះរូបជាមួយពួក ៦ ជាដើមទាំង ៣ ពួក ។ គប្បី ជ្រាបវិគ្គហៈ ក្នុងនិទ្ទេសនៃការសង្គ្រោះរូបជាមួយពួក ៦ ជាដើមនោះ ។ រូបដែលឈ្មោះថា ចក្ខុវិញ្ញេយ្យំ ព្រោះអត្ថថា អាចដឹងបាន ដោយចក្ខុវិញ្ញាណ ។ បេ ។ រូបដែលឈ្មោះថា មនោវិញ្ញេយ្យំ ព្រោះអត្ថថា អាចដឹង បានដោយមនោវិញ្ញាណ ។ រូបដែលឈ្មោះថា មនោធាតុវិញ្ញេយ្យំ ព្រោះអត្ថថា អាចដឹងបានដោយ មនោធាតុ ៣ យ៉ាង ។ ក្នុងបទថា សព្វំ រូបំ នេះ ព្រោះសូម្បីត្រឹមតែជារូប មួយដែលមនោវិញ្ញាណធាតុមិនដឹងមិនមាន ព្រោះហេតុនោះ ទើបត្រាស់ថា សព្វំ រូបំ ដូច្នេះ ។ ពិតណាស់ ន័យក្នុងឋានៈដែលដល់ព្រះអភិធម្មហើយ គួរធ្វើន័យដែលព្រះសម្មាសម្ពុទ្ធ មិនបានធ្វើទុក ឈ្មោះថា រមែងមិនមាន ។ ឋានៈនេះ ឈ្មោះថា ឋានៈដែលគួរនាំន័យ ព្រោះមិនមានរូប សូម្បីតែមួយ ដែលមនោវិញ្ញាណធាតុមិនដឹង ព្រោះហេតុនោះកាលទ្រង់ធ្វើន័យ ទើបត្រាស់ ថា សព្វំ រូបំ ដូច្នេះ ។ បទថា សុខសម្ផស្សោ គឺបានសុខវេទនាជាបច្ច័យ ។ បទថា ទុក្ខសម្ផស្សោ គឺបានទុក្ខវេទនាជាបច្ច័យ ។ ក្នុងអដ្ឋកនិទ្ទេសនេះ ទ្រង់ប្រទាន ន័យនេះទុក ព្រោះសុខនិងទុក្ខមានផោដ្ឋព្វារម្មណ៍ជាភាវៈរបស់ខ្លួន ។