អភិធម្មបិដក និក្ខេបកណ្ឌ
ពួកធម៌ជាកុសល តើដូចម្តេច ។ កុសលមូល ៣ គឺអលោភៈ ( ការមិនលោភ ) ១ អទោសៈ ( ការមិនប្រទូស្ត ) ១ អមោហៈ ( ការមិនវង្វេង ) ១ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកុសលមូលមានអលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្មដែលតាំងឡើងអំពីកុសលមូល មានអលោភៈជាដើមនោះ នេះ ពួកធម៌ជាកុសល ។ ពួកធម៌ជាអកុសល តើដូចម្តេច ។ អកុសលមូល ៣ គឺលោភៈ ១ ទោសៈ ១ មោហៈ ១ ទាំងពួកកិលេសដែលតាំងនៅជាមួយគ្នា នឹងអកុសលមូល មានលោភៈជាដើមនោះ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធដែលប្រកបដោយអកុសលមូល មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្មដែលតាំងឡើងអំពីអកុសលមូល មានលោភៈ ជាដើមនោះ នេះពួកធម៌ជាអកុសល ។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច ។ វិបាក ជាកាមាវចរៈ រូបាវចរៈ អរូបាវចរៈនិងអបរិយាបន្ន ( លោកុត្តរ ) នៃធម៌ជាកុសលនិងអកុសល វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ទាំងពួកធម៌ដែលគ្រាន់តែជាកិរិយា មិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាក ឬក៏រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ជាអព្យាក្រឹត ។ ពួកធម៌ប្រកបដោយសុខវេទនា តើដូចម្តេច វៀរតែសុខវេទនា ក្នុងសុខភូមិ ជាកាមាវចរ រូបាវចរនិងអបរិយាបន្នចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធដែលប្រកបដោយសុខវេទនានោះ នេះពួកធម៌ប្រកបដោយ សុខវេទនា ។ ពួកធម៌ប្រកបដោយទុក្ខវេទនា តើដូចម្តេច ។ វៀរតែ ទុក្ខវេទនាក្នុងទុក្ខភូមិជាកាមាវចរចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយទុក្ខវេទនានោះ នេះពួកធម៌ប្រកបដោយទុក្ខវេទនា ។