អដ្ឋកថា ហេតុគោច្ឆក

ក្បាលទី 65 · ទំព័រ 455

ទុកនិក្ខេប ហេតុគោច្ឆក [ ១៨៩-២០០ ] គប្បីជ្រាបវិនិច្ឆ័យនិទ្ទេសអទោសៈ ក្នុងហេតុគោច្ឆកទុកៈ ដូចតទៅនេះថា ធម៌ដែលឈ្មោះថា មេត្តិ ដោយអំណាចនៃកិរិយាដែលស្និទ្ធស្នាល ។ អាការៈនៃមេត្តា ឈ្មោះថា មេត្តាយនា ។ ភាពជាមិត្តដែលព្រមព្រៀង ដោយមេត្តា ដែលមេត្តាឲ្យប្រព្រឹត្តទៅ ឈ្មោះថា មេត្តាយិតត្តំ ។ ដែល ឈ្មោះថា អនុទ្ទា ព្រោះអត្ថថា អើពើ គឺរមែងឃុំគ្រង ។ អាការដែល អាណិត ឈ្មោះថា អនុទ្ទាយនា ។ ភាវៈនៃកិរិយាដែលអាណិត ឈ្មោះថា អនុទ្ទាយិតត្តំ ។ ការស្វែងរកប្រយោជន៍ ឈ្មោះថា ហិតេសិតា ។ ឈ្មោះ ថា អនុកម្បា ដោយអំណាចការអនុគ្រោះ ។ ព្រះអង្គត្រាស់ដល់មេត្តាដែលសម្រេចឧបចារៈនិងអប្បនានោះឯងដោយ បទទាំងអស់នេះ ត្រាស់ដល់អទោសៈដែលជាលោកិយ និងលោកុត្តរៈដោយ បទដ៏សេស ។ គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសអមោហៈ ដូចតទៅនេះថា បទថា ទុក្ខេ ញាណំ បានដល់ បញ្ញាក្នុងទុក្ខសច្ច ។ សូម្បីក្នុងបទ ជាដើមថា ទុក្ខសមុទយេ ជាដើម ក៏មានន័យនេះដូចគ្នា ។ បណ្តាការដឹង ក្នុងទុក្ខជាដើមនោះ ការដឹងច្បាស់ក្នុងទុក្ខរមែងប្រព្រឹត្តទៅក្នុងការស្តាប់ ការយល់ ការចាក់ធ្លុះនិងការពិចារណា ការដឹងច្បាស់ក្នុងទុក្ខសមុទ័យក៏ប្រព្រឹត្ត ទៅយ៉ាងនោះ ។ តែការដឹងក្នុងនិរោធ រមែងប្រព្រឹត្តទៅព្រោះការស្តាប់ ការចាក់ ធ្លុះ និងការពិចារណានុ៎ះឯង ការដឹងក្នុងទុក្ខនិរោធគាមិនីបដិបទាក៏ដូចគ្នា ។ បទថា បុព្វន្តេ បានដល់ ក្នុងចំណែកដែលកន្លងទៅហើយ ។ បទថា អបរន្តេ បានដល់ ក្នុងចំណែកដែលនៅមិនទាន់មកដល់ ។ បទថា បុព្វន្តាបរន្តេ បានដល់ ក្នុងចំណែកទាំង ២ នោះ ។