អដ្ឋកថា សញ្ញេាជនគោច្ឆក
សញ្ញោជនគោច្ឆក [ ២១៩-២៣៥ ] គប្បីជ្រាបវិនិច្ឆ័យក្នុងមានះនិទ្ទេស ក្នុងសញ្ញោជនគោច្ឆកៈ ដូចតទៅនេះថា បទថា សេយ្យោ ហមស្មីតិ មានោ បានដល់ មានះដែលកើតឡើង យ៉ាងនេះថា អញប្រសើរជាងគេ ដោយអត្ថថា ខ្ពង់ខ្ពស់ ។ បទថា សទិសោហមស្មីតិ មានោ បានដល់ មានះដែលកើតឡើងយ៉ាងនេះថា អញ ស្មើនឹងគេ ដោយអត្ថថា ស្មើៗគ្នា ។ បទថា ហីនោហមស្មីតិ បានដល់ មានះដែលកើតឡើង យ៉ាងនេះថា អញអន់ជាងគេ ដោយអត្ថថា អាក្រក់ ជាង ។ មានះទាំង ៣ ពួកនេះ គឺមានះថាអញប្រសើរជាងគេ មានះថាស្មើនឹង គេ មានះថាអន់ជាងគេ រមែងកើតឡើងដល់ជន ៣ ពួក ដោយប្រការ ដូច្នេះ ។ ពិតណាស់ មានះ ៣ យ៉ាងគឺ អញប្រសើរជាងគេ ស្មើគេ អន់ជាងគេ រមែងកើតដល់ជនដែលប្រសើរជាងគេខ្លះ ដល់ជនដែលស្មើនឹងគេខ្លះ ដល់ ជនដែលអន់ជាងគេខ្លះ ។ បណ្តាមានះទាំង ៣ ពួកនោះ មានះថា អញប្រសើរជាងគេរបស់បុគ្គល អ្នកប្រសើរជាងគេ ជាមានះ តាមសេចក្តីពិត មានះ ២ ក្រៅនេះ មិនមែន មានះតាមសេចក្តីពិត ។ មានះថា អញស្មើនឹងគេ របស់បុគ្គលអ្នកស្មើនឹង គេ ។ បេ ។ មានះថា អញអន់ជាងគេរបស់បុគ្គលអ្នកអន់ជាងគេ ជាមានះ តាមសេចក្តីពិត មានះ ២ ក្រៅអំពីនេះ មិនមែនមានះតាមសេចក្តីពិត ។ ដោយពាក្យដែលពោលមកនេះ ត្រាស់ទុកយ៉ាងដូចម្តេច ត្រាស់ទុកថា មានះ ៣ រមែងកើតដល់បុគ្គលតែម្នាក់បាន ។ តែក្នុងនិទ្ទេស មានះទី ១ ក្នុងខុទ្ទកវត្ថុវិភង្គ ត្រាស់មានះមួយថា រមែងកើតឡើងបានដល់ជនទាំង ៣ ប្រភេទ ។ ដែលឈ្មោះថា មានោ ដោយអំណាចការធ្វើសេចក្តីប្រកាន់ខ្លួន ។