អដ្ឋកថា គន្ថគោច្ឆកៈជាដើម
គន្ថគោច្ឆកជាដើម [ ២៣៦-២៤៧ ] គប្បីជ្រាបវិនិច្ឆ័យក្នុងគន្ថគោច្ឆកៈ ដូចតទៅនេះថា សភាវធម៌ដែលឈ្មោះថា កាយគន្ថ ព្រោះអត្ថថា រមែងចងនាមកាយ គឺរមែងញ៉ាំងនាមកាយឲ្យបន្តក្នុងវដ្តៈ ដោយអំណាចបដិសន្ធិ ។ កាយគន្ថៈ ណាដែលបដិសេធ សូម្បីជាពាក្យពោលរបស់ព្រះសព្វញ្ញូ រមែងប្រកាន់មាំ ដោយអាការយ៉ាងនេះថា លោកទៀង របស់នេះពិត របស់ដទៃជាមោឃៈ ព្រោះហេតុនោះ កាយគន្ថៈនោះ ទើបឈ្មោះថា ឥទំសច្ចាភិនិវេស ព្រោះ សេចក្តីផ្សេងគ្នានៃអភិជ្ឈានិងកាមរាគៈមាន ដូច្នោះ ក្នុងការចែកបទអភិជ្ឈាកាយគន្ថៈ ទើបមិនត្រាស់ថា សេចក្តីប្រាថ្នាក្នុងកាម តម្រេកក្នុងកាមណា ដូច្នេះ តែត្រាស់ថា តម្រេក ការត្រេកអរខ្លាំងណាជាដើម ។ ដោយពុទ្ធវចនៈនេះ ពាក្យណាដែលខ្ញុំពោលទុកហើយថា ឆន្ទរាគៈ គឺតម្រេកដោយ អំណាចសេចក្តីពេញចិត្ត ក្នុងវិមានរបស់ពួកព្រហ្មជាដើម មិនមែនជាកាមាសវៈ និយាយដល់គន្ថគោច្ឆកៈហើយ ជាអភិជ្ឈាកាយគន្ថៈ ដូច្នេះ ពាក្យនោះ បណ្ឌិតគប្បីជ្រាបថា ខ្ញុំពោលទុកល្អហើយ ។ សូម្បីក្នុងកិលេសគោច្ឆកៈខាងមុខ ក៏ន័យនេះឯង ។ បទថា ឋបេត្វា សីលព្វតបរាមាសំ នេះ សេចក្តីថា ព្រោះសីលព្វតបរាមាស មិនប្រកាន់ដោយអាការជាដើមថា របស់នេះពិត ដូច្នេះ តែរមែង ប្រកាន់យ៉ាងនេះថា មានសេចក្តីបរិសុទ្ធដោយសីល ដូច្នេះ ហេតុនោះ ព្រះមាន ព្រះភាគ កាលទ្រង់វៀរសីលព្វតបរាមាស ដែលជាមិច្ឆាទិដ្ឋិនោះ ទើប ត្រាស់ថា ឋបេត្វា ។