អដ្ឋកថារូបកណ្ឌ អធិប្បាយឧទ្ទេស

ក្បាលទី 66 · ទំព័រ 15

រូបកណ្ឌ ៣ អធិប្បាយ ឧទ្ទេស ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់បំណងនឹងចែករូបកណ្ឌ ទើប ទ្រង់ផ្តើមពាក្យថា កតមេ ធម្មា អព្យាកតា ដូច្នេះទៀត ។ ក្នុងពាក្យថា ពួកធម៌ជាអព្យាក្រឹត តើដូចម្តេចនោះ ទ្រង់ចែកវិបាកដែលជាអព្យាកត និង កិរិយាដែលជាអព្យាកតទាំងអស់ហើយ ក្នុងចិត្តុប្បាទកណ្ឌដែលកន្លងមកហើយ ក៏ពិត តែទ្រង់មិនទាន់បានត្រាស់អព្យាកត គឺរូប និងអព្យាកត គឺព្រះ និព្វាន ។ កាលទ្រង់ប្រមូលអព្យាក្រឹតទាំង ៤ មកសម្តែង ដើម្បីត្រាស់ អព្យាកតទាំងពីរដែលនៅសល់នោះ ទើបត្រាស់ថា កុសលាកុសលានំ ធម្មានំ វិបកា ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា កុសលាកុសលានំ បានដល់ កុសល និងអកុសលទាំងឡាយដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ។ ព្រះអង្គទ្រង់កាន់យក បទទាំងពីរ គឺកុសលវិបាក និងអកុសលវិបាក សម្តែងអព្យាកតវិបាកចិត្ត ដោយពាក្យមានប្រមាណបុណ្ណេះ ។ តែព្រោះអព្យាកតទាំងអស់នោះ ជា កាមាវចរក៏មាន ជាធម៌យ៉ាងណានីមួយ មានរូបាវចរជាដើមក៏មាន ហេតុ នោះ ទើបទ្រង់សម្តែងអព្យាកត គឺវិបាកនោះនុ៎ះឯង កាន់យកការផ្សេងគ្នានៃ ភូមិ ដោយន័យ មានពាក្យថា កាមាវចរា ជាដើម មួយទៀត ព្រោះ អព្យាក្រឹតនោះ ជាវេទនាខន្ធក៏មាន ។ បេ ។ ជាវិញ្ញាណក្ខន្ធក៏មាន ហេតុនោះ ទើបទ្រង់កាន់យកអព្យាក្រឹតនោះ សម្តែងដោយអំណាចខន្ធ ៤ ដែល សម្បយុត្តគ្នា ។ កាលទ្រង់សម្តែងអព្យាកត គឺវិបាកចិត្តយ៉ាងនេះ ដោយកាន់យកន័យ ទាំង ៣ គឺដោយអំណាចកុសល និងអកុសល ដោយអំណាចសេចក្តីផ្សេង គ្នានៃភូមិ និងដោយអំណាចខន្ធដែលសម្បយុត្តគ្នាយ៉ាងនេះហើយ កាលទ្រង់ សម្តែងអព្យាកត គឺកិរិយាចិត្តទៀត ទើបត្រាស់ពាក្យជាដើមថា យេ ច ធម្មា កិរិយា ដូច្នេះ ។