ការចែករូប អធិប្បាយឯកកនិទ្ទេស

ក្បាលទី 66 · ទំព័រ 33

ការចែករូប ៣ ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់បំណងនឹងចែករូបវិភត្តិនោះ ទើបផ្តើមត្រាស់ពាក្យជាដើមថា សព្វំ រូបំ ន ហេតុមេវ ដូច្នេះ ។ សួរថា ក្នុងឯកកនិទ្ទេសនេះ ព្រោះហេតុអ្វី ទើបព្រះមានព្រះភាគ មិនបានធ្វើសំនួរថា រូបទាំងអស់នោះ មិនមែនជាហេតុ តើដូចម្តេច ដូច្នេះ ឆ្លើយថា ព្រោះមិនមានសេចក្តីផ្សេងគ្នា ។ ពិតហើយ ក្នុងឯកកនិទ្ទេសនេះ ក្នុងសេចក្តីដែលផ្សេងគ្នាយ៉ាងនេះថា រូបទាំងអស់ មិនមែនហេតុខ្លះ ជាហេតុខ្លះ រមែងមិនមាន ដូចក្នុងរូបទុកៈ ជាដើម រូបជាឧបាទាក៏មាន មិនជាឧបាទាក៏មាន ព្រោះហេតុនោះ ទើបទ្រង់ មិនបានតាំងសំនួរចែកទុក ។ បណ្តាពាក្យទាំងនោះ ពាក្យថា សព្វំ បានដល់ ទាំងអស់ គឺមិនមាន សេសសល់ ។ បទថា រូបំ នេះ ទ្រង់ពង្រីកដល់សាមញ្ញលក្ខណៈ ដែលសម្តែងដល់ រូបដែលត្រូវប្រែប្រួលទៅដោយវិរោធិប្បច្ច័យ ( បច្ច័យដែលជាសត្រូវនឹងគ្នា ) មានត្រជាក់ជាដើម ។ ពាក្យថា ន ហេតុមេវ ទ្រង់ពង្រីកសេចក្តីដល់ការបដិសេធហេតុ ទួទៅ ។ ក្នុងបទថា ន ហេតុមេវ នោះ ហេតុមាន ៤ យ៉ាង គឺហេតុហេតុ ១ បច្ចយហេតុ ១ ឧត្តមហេតុ ១ សាធារណហេតុ ១ ។ បណ្តាហេតុទាំង ៤ យ៉ាងនោះ ហេតុនេះ គឺកុសលហេតុ ៣ អកុសល់ហេតុ ៣ អព្យាកតហេតុ ៣ ឈ្មោះថា ហេតុហេតុ ។ ហេតុនេះ ទ្រង់ ត្រាស់ ( ក្នុងមជ្ឈិមនិកាយ ឧបរិបណ្ណាសក ) ថា ម្នាលភិក្ខុ មហាភូតទាំង ៤ ជាហេតុ មហាភូតទាំង ៤ ជាបច្ច័យ ដែលនាំឲ្យបញ្ញត្តនូវរូបក្ខន្ធ ដូច្នេះ ឈ្មោះថា បច្ចយហេតុ ។