អដ្ឋកថាអធិប្បាយទុកនិទ្ទេសជាដើម
អធិប្បាយ ទុកនិទ្ទេសជាដើម ឥឡូវនេះ កាលទ្រង់សម្តែងចែកបទសំនួរដែលជាបទផ្តើម ដោយសភាវៈដែលផ្សេងគ្នា ក្នុងការសង្គ្រោះរូបពួក ២ ជាដើមយ៉ាងនេះថា អត្ថិ រូបំ ឧបទា អត្ថិ រូបំ នោ ឧបទា ដូច្នេះ ទើបត្រាស់ពាក្យជាដើមថា កតមំ តំ រូបំ ឧបទា ដូច្នេះ ។ ក្នុងព្រះបាលីនោះ រូបដែលឈ្មោះថា ឧបទា ព្រោះអត្ថថា អាស្រ័យ អធិប្បាយថា ឧបាទារូបនោះ កាន់យក មហាភូតរូបនោះមិនលែង គឺអាស្រ័យមហាភូតរូបនោះ ប្រព្រឹត្តទៅ ។ ឥឡូវនេះ កាលនឹងសម្តែងរូបនោះ ដោយប្រភេទផ្សេងៗ ទើប ត្រាស់ពាក្យជាដើមថា ចក្ខាយតនំ ដូច្នេះ ។ ព្រះមានព្រះភាគ កាលលើក ឧបាទារូបឡើងសម្តែងដោយសង្ខេបថា មាន ២៣ យ៉ាងនេះហើយ កាល ទ្រង់អធិប្បាយឧបាទារូបនោះឯង ដោយពិស្តារទៀត ទើបត្រាស់ថា កតមំ តំ រូបំ ចក្ខាយតនំ ដូច្នេះជាដើម ។ ក្នុងពាក្យថា ចក្ខាយតន នោះ ចក្ខុមាន ២ យ៉ាង គឺមំសចក្ខុ និង បញ្ញាចក្ខុ ក្នុងចក្ខុទាំងនោះ បញ្ញាចក្ខុមាន ៥ យ៉ាង គឺពុទ្ធចក្ខុ ១ សមន្តចក្ខុ ១ ញាណចក្ខុ ១ ទិព្វចក្ខុ ១ ធម្មចក្ខុ ១ ។ បណ្តាបញ្ញាចក្ខុទាំង ៥ នោះ ចក្ខុដែលត្រាស់ ( ក្នុងមជ្ឈិមនិកាយ មូលបណ្ណាសក ) ថា ម្នាលភិក្ខុទាំងឡាយ កាលតថាគតកំពុងប្រមើលមើល សត្វលោកដោយពុទ្ធចក្ខុ ក៏បានឃើញនូវពួកសត្វ ដែលមានធូលីតិចក្នុងភ្នែក ( ខ្លះ ) ។ បេ ។ ឲ្យត្រាស់ដឹងបានដោយកម្រ ( ខ្លះ ) ដូច្នេះ ។ នេះឈ្មោះថា ពុទ្ធចក្ខុ ។ ចក្ខុដែលត្រាស់ ( ក្នុងខុទ្ទកនិកាយ ចូឡនិទ្ទេស ) ថា សព្វញ្ញុតញ្ញាណ លោកហៅថា សមន្តចក្ខុ ដូច្នេះ នេះឈ្មោះថា សមន្តចក្ខុ ។ ចក្ខុដែលត្រាស់ ( ក្នុងសំយុត្តនិកាយ មហាវារ ) ថា ចក្ខុកើតឡើង ញាណ កើតឡើង ដូច្នេះ នេះឈ្មោះថា ញាណចក្ខុ ។