អភិធម្មបិដក រូបមានប្រមាណ ៥

ក្បាលទី 66 · ទំព័រ 175

រូបមានប្រមាណ ៥ រូបជាបឋវីធាតុនោះ តើដូចម្តេច ។ រូបណា ដែលរឹង គ្រោតគ្រាត ជាភាពរឹង មានភាពជារបស់រឹង ជាខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូបក្តី ជាអនុបាទិន្នរូបក្តី នេះរូបជាបឋវីធាតុ ។ រូបជាអាបោធាតុ នោះ តើដូចម្តេច ។ រូបណា ជាទឹក ការតាំងនៅជាទឹក សភាពជ្រួតជ្រាប ការតាំងនៅ ជារបស់ជ្រួតជ្រាប ការតភ្ជាប់នៃរូប ជាខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូបក្តី ជាអនុបាទិន្នរូបក្តី នេះរូបជាអាបោធាតុ ។ រូបជាតេជោធាតុ នោះ តើដូចម្តេច ។ រូបណា ជាភ្លើង ការតាំងនៅជាភ្លើង ធម្មជាតិ សម្រាប់ចេញចំហាយ ការតាំងនៅជាចំហាយ កម្សួលក្តៅ ការតាំងនៅ ជា កម្សួលក្តៅ ជាខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូបក្តី អនុបាទិន្នរូបក្តី នេះរូប ជាតេជោធាតុ ។ រូបជាវាយោធាតុនោះ តើដូចម្តេច ។ រូបណា ជាខ្យល់ ការតាំងនៅជាខ្យល់ ការគាំទ្រនូវរូប ជាខាងក្នុងក្តី ខាងក្រៅក្តី ជាឧបាទិន្នរូប ក្តី អនុបាទិន្នរូបក្តី នេះរូបជាវាយោធាតុ ។ រូបជាឧបាទានោះ តើដូចម្តេច ។ ចក្ខាយតនៈ ។ បេ ។ កពឡិង្ការាហារ នេះរូបជាឧបាទា ។ ការសង្គ្រោះរូបដោយប្រការ ៥ យ៉ាងនេះឯង រូបមានប្រមាណ ៥ ចប់