បកិណ្ណកកថា
ដើម្បីការមិនវង្វេងក្នុងរូបទាំងនេះ បណ្ឌិតគប្បីជ្រាបបកិណ្ណកៈនេះ គឺ សមោធាន គឺការប្រមូលមក សមុដ្ឋាន គឺហេតុឲ្យកើតឡើង បរិនិប្ផន្នសង្ខតៈ គឺរូបកើតអំពីកម្មមានបច្ច័យតាក់តែង ។ បណ្តាបកិណ្ណកៈទាំងនោះ ពាក្យថា សមោធាន សេចក្តីថា រូបទាំងអស់ នុ៎ះឯង ពោលដោយសមោធាន រាប់បាន ២៥ រូប គឺចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ឥត្ថ្រិន្ទិយ បុរិស្រិន្ទិយ ជីវិត្រិន្ទិយ កាយវិញ្ញត្តិ វចីវិញ្ញត្តិ អាកាសធាតុ រូបលហុតា រូបមុទុតា រូបកម្មញ្ញតា រូបឧបចយៈ រូបសន្តតិ រូបជរតា រូបអនិច្ចតា កពឡិង្ការាហារ ផោដ្ឋព្វាយតនៈ អាបោធាតុ រួមជាមួយនឹងរូប គឺហទយវត្ថុ គប្បីជ្រាបថា មាន ២៦ ។ ឈ្មោះថា រូបដទៃក្រៅពីនេះមិនមាន ។ តែអាចារ្យពួកខ្លះ អ្នកមានវាទៈថា មិទ្ធៈ ជារូប ទើបពោលថា ឈ្មោះថា មិទ្ធរូបមាន ។ សកវាទយាចារ្យ គប្បីពោលនឹងអាចារ្យទាំងនោះថា លោកជាអ្នកប្រាជ្ញ ត្រាស់ដឹងហើយដោយ ពិត លោក មិនមាននីវរណៈទាំងឡាយឡើយ ដូច្នេះជាដើមហើយ គប្បី បដិសេធថា រូបដែលឈ្មោះថា មិទ្ធៈ មិនមាន ។ អាចារ្យមួយពួកទៀត ពោលថា រូបទាំង ២៦ នោះ ជាមួយនឹងពលរូប ក៏ជារូប ២៧ រួមជាមួយនឹង សម្ភវរូប ក៏ជារូប ២៨ រួមជាមួយនឹងជាតិរូប ក៏ជារូប ២៩ រួមជាមួយនឹង រោគរូប ក៏ជារូប ៣០ ។ សកវាទយាចារ្យក៏គប្បីសម្តែងការមិនមាននៃរូប ទាំងនោះ ដែលចែកចេញមកដោយឡែក ហើយបដិសេធអាចារ្យទាំងនោះ ។ ពិតហើយ ទ្រង់កាន់យកពលរូបនុ៎ះឯង ដោយវាយោធាតុដែលទ្រង់កាន់យក ហើយ ឈ្មោះថា ពលរូបដទៃ រមែងមិនមាន ។ ទ្រង់កាន់យកសម្ភវរូប ដោយអាបោធាតុ ទ្រង់កាន់យកជាតិរូបដោយឧបចយៈ និងសន្តតិ ទ្រង់កាន់ យករោគរូបដោយជរតារូប និងអនិច្ចតារូប