និក្ខេបកណ្ឌ អដ្ឋកថាអធិប្បាយតិកនិក្ខេប
និក្ខេបកណ្ឌ ៣ អធិប្បាយ តិកនិក្ខេប ដោយព្រះតម្រាស់មានប្រមាណប៉ុណ្ណេះ កុសលត្តិកៈ ឈ្មោះថា ព្រះមានព្រះភាគទ្រង់ឲ្យពិស្តារហើយ ដោយន័យ គឺការចែកបទ ធម៌ មានកុសលជាដើមទាំងអស់ ។ ដោយន័យ គឺការចែកបទរបស់ កុសលត្តិកៈនេះណា ដែលត្រាស់ហើយ ន័យនេះឯង ជាន័យរបស់ការចែក តិកៈ និងទុកៈដ៏សេស ។ បណ្ឌិតទាំងឡាយអាចកំណត់ន័យ គឺការចែកក្នុង តិកៈ និងទុកៈទាំងអស់ តាមលំដាប់ជាដើមថា ពួកធម៌ប្រកបដោយសុខវេទនា តើដូចម្តេច ។ ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្សប ្រកបដោយញាណ មានរូបជាអារម្មណ៍ក្តី ។ បេ ។ ឬថា ពួកអរូបធម៌ដទៃ ណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ ក្រៅ អំពីវេទនាខន្ធ នេះពួកធម៌ប្រកបដោយសុខវេទនា ដូច្នេះ ដូចន័យ គឺការចែក ក្នុងកុសលត្តិកៈនេះ ក៏យ៉ាងនោះ ព្រោះហេតុនោះ ដើម្បីទ្រង់សរុបការ សម្តែងដោយពិស្តារនោះហើយ ទ្រង់សម្តែងការចែកធម៌ពួកតិកៈ និងទុកៈ ទាំងអស់ ដោយន័យដទៃដែលមិនសង្ខេបពេក និងមិនពិស្តារពេក ទើបទ្រង់ ផ្តើមនិក្ខេបកណ្ឌថា កតមេ ធម្មា កុសលា ពួកធម៌ជាកុសល តើដូចម្តេច ដូច្នេះ ។ ពិតហើយ ចិត្តុប្បាទកណ្ឌ ( ដែលពោលរួចមកហើយ ) ជាការ សម្តែងពិស្តារ តែអដ្ឋកថាកណ្ឌ ជាការសម្តែងសង្ខេប តែនិក្ខេបកណ្ឌនេះ ធៀបោនឹងចិត្តុប្បាទកណ្ឌ រាប់ថា ជាការសម្តែងដោយសង្ខេប ធៀបោនឹងអដ្ឋកថាកណ្ឌ រាប់ថា ជាការសម្តែងដោយពិស្តារ ព្រោះហេតុនោះ ទើបនិក្ខេបកណ្ឌនេះ ជាការសម្តែងដែលមិនសង្ខេបពេក មិនពិស្តារពេក ។ កណ្ឌនេះ បណ្ឌិតគប្បីជ្រាបថា ឈ្មោះថា និក្ខេបកណ្ឌ ព្រោះទ្រង់សរុបការសម្តែង ដោយពិស្តារ ហើយសម្តែងទុកខ្លះ ដោយអំណាចនៃហេតុដែលពោលខាង ដើមខ្លះ ។