អដ្ឋកថាចូឡន្តរទុកៈ

ក្បាលទី 66 · ទំព័រ 272

ចូឡន្តរទុក [ ២០១-២០៧ ] ក្នុងនិទ្ទេសសង្ខតទុកៈ ព្រះអង្គទ្រង់ធ្វើនិទ្ទេសដោយ ពាក្យឯកវចនៈថា យោ ឯវ សោ ធម្មោ ដូច្នេះ ទ្រង់សំដៅយកអសង្ខតធាតុ តាមដែលត្រាស់ហើយក្នុងទុកៈដំបូង តែក្នុងទុកៈដំបូងនេះ ទ្រង់ធ្វើជាពហុវចនៈ ដោយន័យបុច្ឆានុសន្ធិថា ឥមេ ធម្មា អប្បច្ចយា ដូច្នេះ ព្រោះទ្រង់លើកឡើង សួរដោយអំណាចនៃពហុវចនៈ ។ សូម្បីក្នុងបទជាដើមថា ឥមេ ធម្មា សនិទស្សនា ក៏ន័យនេះដូចគ្នា ។ គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃកេនចិវិញ្ញេយ្យទុកៈដូចតទៅ បទថា ចក្ខុវិញ្ញេយ្យា បានដល់ ដែលចក្ខុវិញ្ញាណគប្បីដឹងច្បាស់ ។ សូម្បីក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ ក្នុងនិទ្ទេសនេះ បទថា កេនចិ វិញ្ញេយ្យា គឺបណ្តាវិញ្ញាណទាំងឡាយ មានចក្ខុវិញ្ញាណជាដើម ចក្ខុវិញ្ញាណ ឬសោតវិញ្ញាណដួងណានីមួយ គប្បីដឹងបាន ។ បទថា កេនចិ ន វិញ្ញេយ្យា គឺចក្ខុវិញ្ញាណ ឬសោតវិញ្ញាណនោះឯងមិនគប្បីដឹងបាន កាលបើដូច្នេះ ទើប មិនមានទុកៈនេះថា យេ តេ ធម្មា ចក្ខុវិញ្ញេយ្យា ន តេ ធម្មា សោតវិញ្ញេយ្យា ព្រោះពាក្យទាំងពីរ ខ្ញុំធ្លាប់ពោលហើយថា រមែងជាពួកទុកៈបាន ព្រោះភាពផ្សេងគ្នានៃអត្ថ ។ កាលកាន់យកអត្ថនេះថា រូបដែលចក្ខុវិញ្ញាណ គប្បីដឹងបាន សំឡេងដែលចក្ខុវិញ្ញាណដឹងមិនបាន ហើយគប្បីជ្រាបទុកៈមួយ ទុកៈនេះថា ធម៌ទាំងឡាយណា ចក្ខុវិញ្ញាណដឹងបាន ធម៌ទាំងឡាយនោះ សោតវិញ្ញាណមិនដឹងបាន ឬធម៌ទាំងឡាយណា ដែលសោតវិញ្ញាណដឹងបាន ធម៌ទាំងឡាយនោះ ចក្ខុវិញ្ញាណមិនដឹងបាន ។ ដោយអាការយ៉ាងនេះ បណ្ឌិត គប្បីជ្រាបថា ព្រះអង្គទ្រង់ធ្វើមូលឥន្ទ្រិយនីមួយៗ ជា ៤ ទុកៈ ហើយចែក ចេញជា ២០ ទុកៈ ។ សួរថា ពាក្យថា ធម៌ដែលមនោវិញ្ញាណដួងខ្លះ ដឹងបាន ដួងខ្លះ ដឹង មិនបាន មិនមានឬ