អដ្ឋកថាអាសវគោច្ឆកៈ

ក្បាលទី 66 · ទំព័រ 279

អាសវគោច្ឆកៈ [ ២០៨-២១៨ ] គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃអាសវៈដូចតទៅ រាគៈដែលប្រកបដោយបញ្ចកាមគុណ ឈ្មោះថា កាមាសវៈ ឆន្ទរាគៈ ក្នុងរូបភព និងអរូបភព សេចក្តីប្រាថ្នាគាប់ចិត្តដែលប្រព្រឹត្តទៅក្នុងឈាន រាគៈសហគតៈដោយសស្សតទិដ្ឋិ សេចក្តីប្រាថ្នាដោយអំណាចនៃភព ឈ្មោះ ថា ភវាសវោ ទិដ្ឋិ ៦២ ឈ្មោះថា ទិដ្ឋាសវោ ការមិនដឹងក្នុងឋានៈ ៨ ឈ្មោះថា អវិជ្ជាសវោ ។ ដើម្បីមិនឲ្យវង្វេងក្នុងអាសវៈទាំងឡាយ ដែលត្រាស់ក្នុងទីនោះៗ គប្បី ជ្រាបប្រភេទនៃអាសវៈ មានអាសវៈពួកមួយជាដើម ។ ពិតហើយ កាល ពោលដោយអត្ថ អាសវៈទាំងនេះ មានតែម្យ៉ាងបុណ្ណោះ យ៉ាងនេះ គឺឈ្មោះ ថា អាសវ ព្រោះអត្ថថា ជារបស់ត្រាំ តែក្នុងព្រះវិន័យ ត្រាស់អាសវៈ ២ យ៉ាងថា ដើម្បីរារាំងអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន ១ ដើម្បីកម្ចាត់បង់ នូវអាសវធម៌ទាំងឡាយក្នុងបរលោក ១ ដូច្នេះ ។ ក្នុងព្រះសូត្រ ក្នុងសឡាយតនវគ្គ ទ្រង់ត្រាស់អាសវៈ ៣ យ៉ាងថា ម្នាលអាវុសោ អាសវៈទាំងនេះ មាន ៣ ប្រការ គឺកាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១ ដូច្នេះ ។ ក្នុងនិព្វេធិកបរិយាយសូត្រ មានអាសវៈ ៥ យ៉ាង ដែលត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ អាសវៈទាំងឡាយ នាំសត្វឲ្យទៅនរកក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅកាន់កំណើតតិរច្ឆានក៏មាន អាសវៈទាំងឡាយ នាំសត្វ ឲ្យទៅកាន់បិត្តិវិស័យក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅមនុស្សលោក ក៏មាន អាសវៈទាំងឡាយនាំសត្វឲ្យទៅទេវលោកក៏មាន ដូច្នេះ ។ ក្នុងឆក្កនិបាត អាហុនេយ្យសូត្រ ត្រាស់អាសវៈ ៦ យ៉ាងថា អត្ថិ អាសវា សំវរា បហាតព្វា អត្ថិ អាសវា បដិសេវនា បហាតព្វា អត្ថិ អាសវា អធិវាសនា បហាតព្វា អត្ថិ អាសវា បរិវជ្ជនា បហាតព្វា អត្ថិ អាសវា វិនោទនា បហាតព្វា