អភិធម្មបិដក បិដិ្ឋទុកៈ
បិដ្ឋិទុកៈ ពួកធម៌គួរលះដោយទស្សនៈ ( សោតាបត្តិមគ្គ ) តើដូចម្តេច ។ សញ្ញោជនៈ ៣ គឺសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាស ។ បណ្តាសញ្ញោជនៈទាំងនោះ សក្កាយទិដ្ឋិ តើដូចម្តេច ។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុងអរិយធម៌ មិនបានទូន្មានខ្លួនក្នុងអរិយធម៌ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងសប្បុរិសធម៌ មិនបានទូន្មានខ្លួនក្នុងសប្បុរិសធម៌ រមែង យល់ឃើញថារូបជាខ្លួន ឃើញខ្លួនថាមានរូបខ្លះ ឃើញរូបថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងរូបខ្លះ ឃើញវេទនា ។ បេ ។ សញ្ញា ។ បេ ។ សង្ខារ ។ បេ ។ ឃើញវិញ្ញាណថាជាខ្លួន ឃើញខ្លួនថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរ គឺទិដ្ឋិ ។ បេ ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះ ហៅថា សក្កាយទិដ្ឋិ ។ បណ្តាសំយោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច ។ បុគ្គល ងឿងឆ្ងល់ សង្ស័យ ចំពោះព្រះសាស្តា ។ បេ ។ ភាពនៃចិត្តរឹងរូស ការរសេមរសាម នៃចិត្ត នេះហៅថា វិចិកិច្ឆា ។ បណ្តាសញ្ញោជនៈទាំងនោះ សីលព្វតបរាមាស តើដូចម្តេច ។ ពួកសមណព្រាហ្មណ៍ ខាងក្រៅអំពីសាសនានេះ ( យល់ឃើញ ) ថា សេចក្តីបរិសុទ្ធដោយសីល បរិសុទ្ធដោយវត្ត បរិសុទ្ធដោយសីល និងវត្ត ទិដ្ឋិ ដំណើរ គឺទិដ្ឋិ ។ បេ ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែល មានសភាពបែបនេះ នេះហៅថា សីលព្វតបរាមាស ។