អដ្ឋកថាបិដ្ឋិទុកៈ
បិដ្ឋិទុកៈ [ ៣១០-៣៣៥ ] គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃកាមាវចរដូចតទៅ បទថា ហេដ្ឋតោ បានដល់ ចំណែកខាងក្រោម ។ បទថា អវីចិនិរយំ មានសេចក្តីថា ដែលឈ្មោះថា អវីចិ ព្រោះអត្ថថា ក្នុងនរកនេះ មិនមាន ចន្លោះប្រហោងរវាងរលកនៃអណ្តាតភ្លើងទាំងឡាយ ឬនៃទុក្ខវេទនារបស់សត្វ ទាំងឡាយ ។ ដែលឈ្មោះថា និរយ ព្រោះអត្ថថា ក្នុងទីនេះ មិនមានសេចក្តី ចម្រើន ពោល គឺសេចក្តីសុខ ម្យ៉ាងវិញទៀត ឈ្មោះថា នរក ដោយអត្ថថា មិនមានសេចក្តីត្រេកអរខ្លះ ដោយអត្ថថា មិនមានសេចក្តីពេញចិត្តខ្លះ ។ បទថា បរិយន្តំ ករិត្វា បានដល់ ធ្វើនរក ពោល គឺអវីចិនោះជាទីបំផុត ។ បទថា ឧបរិតោ បានដល់ ចំណែកខាងលើ ។ បទថា បរនិម្មិតវសវត្តិទេវេ សេចក្តីថា ទេវតា ឈ្មោះថា បានវោហារយ៉ាងនេះ ព្រោះធ្វើ អំណាចឲ្យប្រព្រឹត្តទៅក្នុងសេចក្តីប្រាថ្នា ( កាម ) ទាំងឡាយ ដែលទេវតា ដទៃនិម្មិតឲ្យ ។ បទថា អន្តោ ករិត្វា បានដល់ រារាំងក្នុងទីបំផុត ។ បទថា យំ ឯតស្មឹ អន្តរេ បានដល់ ក្នុងឱកាសនេះឯណា ។ ដោយបទថា ឯត្ថាវចរា នេះ ព្រោះធម៌ពួកដទៃត្រាច់ទៅក្នុងរវាងភូមិ នេះ ដោយការកើតឡើងក្នុងភូមិខ្លះ ក្នុងកាលខ្លះ ហេតុនោះ ដើម្បីមិនរួបរួម ធម៌ទាំងនោះ ទើបត្រាស់ថា អវចរា ។ ដោយពាក្យនោះ ធម៌ទាំងឡាយណា រមែងត្រាច់ទៅ ឈមចុះក្នុងរវាងភូមិនេះ ដោយការកើតឡើងគ្រប់ទីកន្លែង និងគ្រប់កាល ធម៌ពួកណា រមែងត្រាច់ទៅក្នុងចំណែកខាងក្រោម ដោយការ ប្រព្រឹត្តទៅនៃភូតរូប និងឧបាទាយរូប ខាងក្រោមរបស់អវីចិនរក ទើបទ្រង់ ធ្វើការរួបរួមធម៌ទាំងនោះ ព្រោះថា ធម៌ទាំងនោះ ឈមចុះហើយនោះឯង ត្រាច់ទៅ គឺឈមចុះក្នុងចំណែកខាងក្រោម ព្រោះហេតុនោះ ទើបហៅថា អវចរ ។