ខន្ធវិភង្គ អភិធម្មបិដក សុត្តន្តភាជនីយ

ក្បាលទី 67 · ទំព័រ 2

ខន្ធ ៥ គឺរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ។ បណ្តាខន្ធទាំង ៥ នោះ រូបក្ខន្ធ តើដូចម្តេច ។ រូបណាមួយជា អតីត អនាគត បច្ចុប្បន្ន ដែលជាអជ្ឈត្តរូប ( រូបខាងក្នុង ) ក្តី ពហិទ្ធារូប ( រូបខាងក្រៅ ) ក្តី ឱឡារិករូប ( រូបគ្រោតគ្រាត ) ក្តី សុខុមរូប ( រូប ល្អិត ) ក្តី ហីនរូប ( រូបថោកទាប ) ក្តី បណីតរូប ( រូបថ្លៃថ្លា ) ក្តី ទូរេរូប ( រូបក្នុងទីឆ្ងាយ ) ក្តី សន្តិកេរូប ( រូបក្នុងទីជិត ) ក្តី នេះហៅថា រូបក្ខន្ធ ព្រោះប្រមូលរួបរួមនូវរូបទាំងអស់នោះ ក្នុងទីជាមួយគ្នា ។ បណ្តារូបទាំងនោះ រូបជាអតីត តើដូចម្តេច ។ រូបណាកន្លងទៅ រលត់ទៅ ប្រាសទៅ ប្រែប្រួលទៅ អស់ទៅ បាត់បង់ទៅ កើតហើយ ប្រាសទៅវិញ ជាអតីត សង្គ្រោះដោយចំណែកជាអតីត បានដល់មហាភូតរូប ៤ ផង ឧបាទាយរូបនៃមហាភូតរូប ៤ ផង នេះហៅថា រូបជាអតីត ។ បណ្តារូបទាំងនោះ រូបជាអនាគត តើដូចម្តេច ។ រូបណាមិនទាន់កើត មិន ទាន់មាន មិនទាន់ដុះដាល មិនទាន់វិលមក មិនទាន់ត្រឡប់មក មិនទាន់ ប្រាកដ មិនទាន់លេចឡើង មិនទាន់ដុះឡើង មិនទាន់តាំងឡើង មិនទាន់ស្ទុះ ឡើង ជាអនាគត សង្គ្រោះដោយចំណែកជាអនាគត បានដល់មហាភូតរូប ទាំង ៤ ផង ឧបាទាយរូបនៃមហាភូតរូប ៤ ផង នេះហៅថា រូបជាអនាគត ។ បណ្តារូបទាំងនោះ រូបជាបច្ចុប្បន្ន តើដូចម្តេច ។ រូបណាកំពុងកើត កំពុងមាន កំពុងដុះដាល កំពុងវិលមក កំពុងត្រឡប់មក កំពុងប្រាកដ កំពុងលេចឡើង កំពុងដុះឡើង កំពុងតាំងឡើង កំពុងស្ទុះឡើង ជាបច្ចុប្បន្ន សង្គ្រោះដោយចំណែកជាបច្ចុប្បន្ន បានដល់ មហាភូតរូបទាំង ៤ ផង ឧបាទាយរូបនៃមហាភូតរូប ៤ ផង នេះហៅថា រូបជាបច្ចុប្បន្ន ។