រូបក្ខន្ធនិទ្ទេស
ឥឡូវនេះ ព្រះមានព្រះភាគ មានបំណងនឹងសម្តែងរូបក្ខន្ធជាដើម នោះ ទើបត្រាស់ពាក្យជាដើមថា តត្ថ កតមោ រូបក្ខន្ធោ ដូច្នេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងខន្ធវិភង្គនោះដូច្នេះ បទថា តត្ថ បានដល់ ក្នុងខន្ធទាំង ៥ នោះ ។ បទថា កតមោ ជា កថេតុកម្យតាបុច្ឆា ។ បទថា រូបក្ខន្ធោ ជាបទសម្តែងធម៌ដែលទ្រង់បុច្ឆា ។ ព្រះមានព្រះភាគកាលទ្រង់ចែករូបក្ខន្ធនោះ ទើបឥឡូវនេះ ត្រាស់ពាក្យជាដើម ថា យំ កិញ្ចិ រូបំ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា យំ កិញ្ចិ ជាពាក្យ ដែលទ្រង់កាន់យក ដោយមិនមានសេសសល់ ។ បទថា រូបំ ជាពាក្យ កំណត់ធម៌ដែលទាក់ទងគ្នា ដោយបទទាំងពីរនេះ ឈ្មោះថា ទ្រង់ធ្វើការកំណត់ យករូប ដោយមិនមានចំណែកសេសសល់ ។ សួរថា ក្នុងរូបក្ខន្ធនោះ ធម៌ដែលឈ្មោះថា រូប ដោយអត្ថដូចម្តេច ឆ្លើយថា ដែលឈ្មោះថា រូប ដោយអត្ថថា បែកធ្លាយ សមដូចព្រះតម្រាស់ ថា ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ហៅថា រូប តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ របស់ណាវិនាស របស់នោះ ហៅថា រូប ។ ចុះវិនាសដោយអ្វី ។ វិនាសដោយត្រជាក់ ក៏មាន វិនាសដោយក្តៅ ក៏មាន វិនាសដោយគម្លាន ក៏មាន វិនាសដោយសម្រេក ក៏មាន វិនាសដោយសម្ផស្សនៃរបោម មូសខ្យល់ និងកម្តៅថ្ងៃ ពស់តូចពស់ធំ ក៏មាន ។ ម្នាលភិក្ខុ ទាំងឡាយ របស់ណាវិនាស របស់នោះ ហៅថា រូប ទើប ហៅថា រូប ដូច្នេះ ។ ក្នុងព្រះតម្រាស់ទាំងនោះ ពាក្យថា កឹ ជាពាក្យសួរដល់ហេតុ អធិប្បាយថា ពួកអ្នកហៅ រូប ដោយហេតុអ្វី គឺឈ្មោះថា រូប នោះដោយ ហេតុអ្វី ។