សញ្ញាខន្ធនិទ្ទេស

ក្បាលទី 67 · ទំព័រ 64

[ ១៤-១៩ ] គប្បីជ្រាបវិនិច្ឆ័យក្នុងសញ្ញាខន្ធនិទ្ទេសដូចតទៅ ដោយបទថា យា កាចិ សញ្ញា នេះ ព្រះមានព្រះភាគ ទ្រង់កំណត់ សញ្ញាដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ។ បទថា ចក្ខុសម្ផស្សជា សញ្ញា ជាដើម ត្រាស់ដើម្បីសម្តែងសញ្ញា ដែលទ្រង់លើកឡើងសម្តែងដោយអំណាច សញ្ញាដែលជាអតីតជាដើមដោយសភាវៈ ។ បណ្តាសញ្ញាទាំងនោះ សញ្ញា ដែលកើតអំពីចក្ខុសម្ផស្ស ឬក្នុងចក្ខុសម្ផស្ស ឈ្មោះថា ចក្ខុសម្ផស្សជា ។ ក្នុងសញ្ញាដ៏សេសក៏ន័យនេះឯង ។ ក្នុងសញ្ញាទាំង ៦ នោះ សញ្ញា ៥ ខាងដើម មានចក្ខុបសាទជាដើម ជាទីអាស្រ័យកើតដោយចំពោះ ឯមនោសម្ផស្សជាសញ្ញា មានហទយវត្ថុជាទីអាស្រ័យកើតខ្លះ មិនមានហទយវត្ថុជាទី អាស្រ័យកើតខ្លះ សញ្ញាទាំងអស់ប្រព្រឹត្តទៅក្នុងភូមិ ៤ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងឱឡារិកទុកនិទ្ទេសដូចតទៅ បទថា បដិឃសម្ផស្សជា សេចក្តីថា ផស្សៈដែលធ្វើចក្ខុបសាទជាដើម ដែលប៉ះខ្ទប់បាន ឲ្យជាទីអាស្រ័យកើត ប្រារព្ធរូបជាដើមដែលប៉ះខ្ទប់បានកើតឡើង ឈ្មោះថា បដិឃសម្ផស្ស សញ្ញាកើតអំពីបដិឃសម្ផស្សនោះ ឬកើត ក្នុងបដិឃសម្ផស្សនោះ ឈ្មោះថា បដិឃសម្ផស្សជា ។ ពាក្យថា សញ្ញា ដែលកើតអំពីចក្ខុសម្ផស្ស ។ បេ ។ សញ្ញាដែលកើតអំពីកាយសម្ផស្ស ក៏ជា ឈ្មោះនៃបដិឃសញ្ញានោះឯងដោយវត្ថុ ។ សូម្បីពាក្យថា រូប សញ្ញា ។ បេ ។ ផោដ្ឋព្វសញ្ញា ក៏ជាឈ្មោះនៃបដិឃសញ្ញានោះឯងដោយអារម្មណ៍ តែពាក្យ ថា បដិឃសម្ផស្សជានេះ ជាឈ្មោះនៃសញ្ញា ទាំងដោយវត្ថុ និងអារម្មណ៍ ។ ពិតហើយ សញ្ញានេះ ត្រាស់ហៅថា សញ្ញាដែលកើតអំពីបដិឃសម្ផស្ស ព្រោះអាស្រ័យវត្ថុដែលប៉ះខ្ទប់បាន និងប្រារព្ធអារម្មណ៍ដែលប៉ះខ្ទប់បានកើតឡើង ។