សង្ខារក្ខន្ធនិទ្ទេស

ក្បាលទី 67 · ទំព័រ 67

[ ២០-២៥ ] គប្បីជ្រាបវិនិច្ឆ័យក្នុងសង្ខារក្ខន្ធនិទ្ទេសដូចតទៅ បទថា យេ កេចិ សង្ខារា នេះ ព្រះមានព្រះភាគ ទ្រង់កំណត់សង្ខារ ដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ។ បទថា ចក្ខុសម្ផស្សជា ចេតនា ជាដើម ព្រះមានព្រះភាគ ត្រាស់ដើម្បីសម្តែងសង្ខារ ដែលទ្រង់លើកឡើងសម្តែង ដោយអំណាចសង្ខារដែលជាអតីតជាដើម ដោយសភាវៈ ។ បទថា ចក្ខុសម្ផស្សជា ជាដើម មានអត្ថតាមដែលពោលហើយនោះឯង ។ បទថា ចេតនា នេះ ព្រះមានព្រះភាគត្រាស់ដោយអំណាចបធានសង្ខារ យ៉ាង ទាបបំផុត ព្រោះសង្ខារ ៤ មកក្នុងព្រះបាលីដោយហោចជាមួយចក្ខុវិញ្ញាណ យ៉ាងទាបបំផុត រមែងកើតឡើង បណ្តាសង្ខារទាំងនោះ ចេតនា ឈ្មោះថា បធាន ព្រោះប្រាកដដោយអត្ថថា ជាហេតុប្រមូលមក ព្រោះហេតុនោះ ចេតនា នេះបុណ្ណោះ ទ្រង់កាន់យកហើយ ។ សង្ខារដែលសម្បយុត្តដោយចេតនា នោះ ឈ្មោះថា ទ្រង់កាន់យកហើយក្នុងកាលចេតនានោះត្រូវកាន់យកហើយ នោះឯង ។ ក្នុងទីនេះ ចេតនា ៥ ខាងដើម មានចក្ខុបសាទជាដើម ជាទី អាស្រ័យកើតតែម្យ៉ាង ចេតនាដែលកើតអំពីមនោសម្ផស្ស មានហទយវត្ថុ ជាទីអាស្រ័យកើតខ្លះ មិនមានហទយវត្ថុជាទីអាស្រ័យកើតខ្លះ ចេតនាទាំងអស់ ជាចេតនាប្រព្រឹត្តទៅក្នុងភូមិ ៤ ពាក្យដ៏សេសដូចវេទនាខន្ធនោះឯង ។