វិញ្ញាណក្ខន្ធនិទ្ទេស

ក្បាលទី 67 · ទំព័រ 68

[ ២៦-៣១ ] គប្បីជ្រាបវិនិច្ឆ័យក្នុងវិញ្ញាណក្ខន្ធនិទ្ទេសដូចតទៅ បទថា យំ កិញ្ចិ វិញ្ញាណំ នេះ ព្រះមានព្រះភាគទ្រង់កំណត់វិញ្ញាណ ដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ។ បទថា ចក្ខុវិញ្ញាណំ ជាដើម ទ្រង់ត្រាស់ ដើម្បីសម្តែងវិញ្ញាណ ដែលទ្រង់លើកឡើងសម្តែងដោយអំណាចនៃវិញ្ញាណ ដែលជាអតីតជាដើម ដោយសភាវៈ ។ ក្នុងព្រះបាលីនេះ វិញ្ញាណ ៥ មាន ចក្ខុវិញ្ញាណជាដើម មានចក្ខុបសាទជាដើម ជាទីអាស្រ័យកើតនោះឯង ។ មនោវិញ្ញាណ មានហទយវត្ថុដែលជាទីអាស្រ័យកើតខ្លះ មិនមានហទយវត្ថុ ដែលជាទីអាស្រ័យកើតខ្លះ វិញ្ញាណទាំងអស់ប្រព្រឹត្តទៅក្នុងភូមិ ៤ ។ ពាក្យ ដ៏សេសដូចគ្នានឹងវេទនាខន្ធនោះឯង ។