បកិណ្ណកកថា

ក្បាលទី 67 · ទំព័រ 69

ឥឡូវនេះ គប្បីជ្រាបបកិណ្ណកៈក្នុងខន្ធទាំង ៥ ដោយអាការ ១៦ យ៉ាង គឺដោយសមុគ្គមតោ គឺការកើតដំបូង ១ បុព្វាបរតោ គឺការកើតមុន និង ក្រោយ ១ អទ្ធានបរិច្ឆេទតោ គឺកំណត់កាល ១ ឯកុប្បាទនានានិរោធតោ គឺការកើតក្នុងខណៈតែមួយ រលត់ផ្សេងខណៈគ្នា ១ នានុប្បាទឯកនិរោធតោ គឺកើតខណៈខុសគ្នា រលត់ក្នុងខណៈតែមួយ ១ ឯកុប្បាទឯកនិរោធតោ គឺ កើតព្រមគ្នា រលត់ព្រមគ្នា ១ នានុប្បាទនានានិរោធតោ គឺកើតមិនព្រមគ្នា រលត់មិនព្រមគ្នា ១ អតីតានាគតប្បច្ចុប្បន្នតោ គឺអតីត អនាគត បច្ចុប្បន្ន ១ អជ្ឈត្តិកពាហិរតោ គឺធម៌ខាងក្នុង និងខាងក្រៅ ១ ឱឡារិកសុខុមតោ គឺសភាវៈ គ្រោតគ្រាត និងល្អិត ១ ហីនបណីតតោ គឺជាធម៌ថោកទាប និងប្រណីត ១ ទូរសន្តិកតោ គឺធម៌ឆ្ងាយ និងជិត ១ បច្ចយតោ គឺបច្ច័យ ១ សមុដ្ឋានតោ គឺសមុដ្ឋាន ១ បរិនិប្ផន្នតោ គឺការសម្រេច ១ សង្ខតតោ គឺមានបច្ច័យតាក់តែង ១ ។ បណ្តាបកិណ្ណកៈទាំងនោះ ពាក្យថា ដោយការកើតឡើងដំបូងនេះ ការ កើតឡើងដំបូងមាន ២ យ៉ាង គឺការកើតឡើងដំបូងរបស់គព្ភសេយ្យកសត្វ និងការកើតឡើងគ្រាដំបូងរបស់ឱបបាតិកសត្វ ។ បណ្តាការកើត ២ នោះ គប្បីជ្រាបការកើតឡើងដំបូងនៃគព្ភសេយ្យកសត្វយ៉ាងនេះ ពិតហើយ ខន្ធ ៥ នៃគព្ភសេយ្យកសត្វ រមែងប្រាកដព្រមគ្នា មិនមុន មិនក្រោយ ក្នុង បដិសន្ធិក្ខណៈ សេចក្តីនេះលោកពោលថា ការបន្តនៃរូប ពោល គឺកលលៈ ដែលប្រាកដក្នុងខណៈនោះ ជារបស់បន្តិចបន្តួច ល្មមតែរុយមួយ ផឹកបាន ដោយការព្យាយាមត្រឹមតែម្តងបុណ្ណោះ ហើយពោលទៀតថា នុ៎ះក៏នៅច្រើន ពេក កលលៈ មានប្រមាណប៉ុនតំណក់ទឹកនោះ ដែលហូរចេញហើយជាប់ ត្រង់ចុងម្ជុល ដែលតូចឆ្មារ ដែលគេជ្រលក់ក្នុងប្រេង ហើយលើកឡើង ។