អភិធម្មបិដក អភិធម្មភាជនីយ
អភិធម្មភាជនីយ អាយតនៈ ១២ គឺចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ មនាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ធម្មាយតនៈ ។ បណ្តាអាយតនៈទាំងនោះ ចក្ខាយតនៈ តើដូចម្តេច ។ ចក្ខុ ណា គឺប្រសាទ អាស្រ័យមហាភូត ៤ ។ បេ ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា ចក្ខាយតនៈ ។ បណ្តាអាយតនៈទាំងនោះ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ តើដូចម្តេច ។ កាយណា គឺប្រសាទ អាស្រ័យមហាភូត ៤ ។ បេ ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា កាយាយតនៈ ។ បណ្តាអាយតនៈទាំងនេះ មនាយតនៈ តើដូចម្តេច ។ មនាយតនៈ មានប្រការមួយ បានដល់ មនាយតនៈដែលប្រកបដោយផស្សៈ ។ មនាយតនៈមានប្រការ ២ គឺមនាយតនៈប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុ ក៏មាន ។ មនាយតនៈមានប្រការ ៣ គឺមនាយតនៈជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ។ បេ ។ មនាយតនៈមានច្រើនប្រការ យ៉ាងនេះឯង នេះហៅថា មនាយតនៈ ។ បណ្តាអាយតនៈទាំងនោះ រូបាយតនៈ តើដូចម្តេច ។ រូបណា គឺពណ៌ ឬពន្លឺអាស្រ័យមហាភូត ៤ ។ បេ ។ ហៅថា រូបធាតុក៏បាន នេះហៅថា រូបាយតនៈ ។ បណ្តាអាយតនៈទាំងនោះ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ តើដូចម្តេច ។ បឋវីធាតុ ។ បេ ។ ហៅថា ផោដ្ឋព្វធាតុក៏បាន នេះហៅថា ផោដ្ឋព្វាយតនៈ ។ បណ្តាអាយតនៈទាំងនោះ ធម្មាយតនៈ តើដូចម្តេច ។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ ឬក៏រូបណា ជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ ជាអសង្ខតធាតុ ។ បណ្តាខន្ធទាំងនោះ វេទនាខន្ធ តើដូចម្តេច ។ វេទនាខន្ធ មានប្រការមួយ បានដល់ វេទនាខន្ធប្រកបដោយផស្សៈ ។