អដ្ឋកថាសុត្តន្តភាជនីយ
ធាតុវិភង្គ សុត្តន្តភាជនីយ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សង្ខេបធាតុទាំងអស់ ដោយធាតុពួក ៦ សម្តែងសុត្តន្តភាជនីយដោយធាតុពួក ៦ រួម ៣ ពួក ក្នុងធាតុវិភង្គ ដែលជាលំដាប់បន្ទាប់អំពីអាយតនវិភង្គនោះ ទើបត្រាស់ពាក្យ ជាដើមថា ឆ ធាតុយោ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ឆ ជាពាក្យកំណត់ចំនួន ។ បទថា ធាតុយោ ជាពាក្យសម្តែងធម៌ដែលទ្រង់កំណត់ទុក ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទទាំងឡាយ មានពាក្យថា បឋវីធាតុ ជាដើម ដូចតទៅ ឈ្មោះថា អត្ថថា ធាតុ មានអត្ថថា ជាសភាវៈ ឈ្មោះថា អត្ថថា សភាវៈ មានអត្ថថា ជារបស់សូន្យ ឈ្មោះថា អត្ថថា ជារបស់សូន្យ មានអត្ថថា មិនមែនសត្វ ព្រោះហេតុនោះ ដោយអត្ថដែលអធិប្បាយមកនេះ ធាតុ គឺបឋវីនោះឯង ឈ្មោះថា បឋវីធាតុ ដោយអត្ថថា មានសភាវៈជារបស់សូន្យ និងមិនមែន សត្វ សូម្បីអាបោធាតុជាដើមក៏ន័យនេះដូចគ្នា បណ្ឌិតគប្បីជ្រាបបទសមាស ក្នុងពាក្យថា បឋវីធាតុទាំងនោះយ៉ាងនេះហើយ គប្បីជ្រាបអត្ថដូចតទៅ ពាក្យថា បឋវីធាតុ បានដល់ ធាតុតាំងមាំ ពាក្យថា អាបេធាតុ បានដល់ ធាតុប្រមូលផ្តុំ ពាក្យថា តេជោធាតុ បានដល់ ធាតុដុតរោល ពាក្យថា វាយោធាតុ បានដល់ ធាតុកម្រើក ពាក្យថា អាកាសធាតុ បានដល់ ធាតុដែលប៉ះពាល់មិនបាន ពាក្យថា វិញ្ញាណធាតុ បានដល់ ធាតុដឹងច្បាស់ ។ បទថា បឋវីធាតុទ្វយំ បានដល់ បឋវីធាតុនេះ មាន ២ យ៉ាង អធិប្បាយថា ឈ្មោះថា បឋវីធាតុនេះ មិនមែនមានតែម្យ៉ាងបុណ្ណោះទេ តែមាន ២ យ៉ាង ដោយចែកជាបឋវីធាតុខាងក្នុង និងបឋវីធាតុខាងក្រៅ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា បឋវីធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន ដូច្នេះ ។