អដ្ឋកថាអភិធម្មភាជនីយ
អភិធម្មភាជនីយ ព្រះមានព្រះភាគ កាលទ្រង់សម្តែងធាតុទាំងអស់ ក្នុងអភិធម្មភាជនីយដោយសរុបនោះឯង ទើបត្រាស់ពាក្យថា អដ្ឋារស ធាតុយោ ចក្ខុធាតុ រូបធាតុ ដូច្នេះជាដើម ក្នុងបទទាំងនោះ គប្បីជ្រាបវិនិច្ឆ័យ ក្នុង ឧទ្ទេសវារមុន គប្បីជ្រាបវិនិច្ឆ័យ ដោយអត្ថ ១ ដោយលក្ខណៈជាដើម ១ ដោយលំដាប់ ១ ដោយមានត្រឹមតែបុណ្ណោះ ១ ដោយការរាប់ ១ ដោយបច្ច័យ ១ និងដោយជាធម៌ដែលគួរឃើញ ១ ដូច្នេះ ។ បណ្តាឧទ្ទេសទាំងនោះ ពាក្យថា ដោយអត្ថ គប្បីជ្រាបវិនិច្ឆ័យ ដោយ អត្ថដែលប្លែកគ្នានៃធម៌ មានចក្ខុជាដើម ដោយន័យជាដើមយ៉ាងនេះ ដែលឈ្មោះថា ចក្ខុ ព្រោះអត្ថថា ឃើញ ឈ្មោះថា រូប ព្រោះអត្ថថា រមែងបង្ហាញខ្លួនឲ្យប្រាកដ ការដឹងតាមចក្ខុ ឈ្មោះថា ចក្ខុវិញ្ញាណ ដូច្នេះ បុណ្ណេះសិន ។ ឯដោយការមិនប្លែកគ្នា មានវិនិច្ឆ័យដូចតទៅ ដែលឈ្មោះថា ធាតុ ព្រោះអត្ថថា រមែងចាត់ចែង ព្រោះអត្ថថា រមែង ទ្រទ្រង់ ព្រោះអត្ថថា ជាការចាត់ចែង ព្រោះអត្ថថា ជាហេតុទ្រទ្រង់ ដោយប្រការផ្សេងៗ ឬព្រោះអត្ថថា ជាទីទ្រទ្រង់ ។ ពិតហើយ ធាតុទាំងឡាយ ដែលជាលោកិយ ជាធាតុដែលកំណត់ ដោយភាពជាហេតុ រមែងចាត់ចែងសង្សារទុក្ខច្រើនប្រការ ដូចធាតុដែលជា មាស និងប្រាក់ជាដើម ដែលបុគ្គលធ្វើជាមាស និងប្រាក់ជាដើម ម្យ៉ាងទៀត ធាតុទាំងឡាយ ដែលសត្វរមែងទ្រទ្រង់ គឺទទួល ដូចរបស់ធ្ងន់ដែល រែកទៅ ដូច្នោះ ។ ម្យ៉ាងទៀត ធាតុទាំងនេះ ឈ្មោះថា ត្រឹមតែចាត់ចែង សេចក្តីទុក្ខបុណ្ណោះ ព្រោះមិនប្រព្រឹត្តទៅក្នុងអំណាច ។