អដ្ឋកថាបញ្ញាបុច្ឆកៈ

ក្បាលទី 67 · ទំព័រ 343

បញ្ញាបុច្ឆកៈ [ ១៣១-១៤៣ ] ក្នុងបញ្ញាបុច្ឆកៈ បណ្ឌិតគប្បីជ្រាបភាពដែលធាតុទាំង ១៨ ជាកុសលដោយទំនងន័យ ដែលពោលខាងដើមនោះឯង ឯក្នុងអារម្មណត្តិកៈទាំងឡាយ បទថា ឆ ធាតុយោ បរិត្តារម្មណា នេះ ព្រះមាន ព្រះភាគ ត្រាស់សំដៅយកការប្រព្រឹត្តទៅនៃវិញ្ញាណ ៥ មានចក្ខុវិញ្ញាណ ជាដើម និងនៃមនោធាតុ ក្នុងអារម្មណ៍ ៥ មានរូបារម្មណ៍ជាដើម ដោយ ចំណែកមួយ ។ គប្បីជ្រាបភាពដែលធម្មធាតុ និងមនោវិញ្ញាណធាតុ ដែលត្រាស់ថា ទ្វេ ធាតុយោ ដូច្នេះ ជាបរិត្តារម្មណៈជាដើម ដោយន័យដែលបានពោលហើយ ក្នុងមនាយតនៈ និងធម្មាយតនៈនោះឯង ។ ក្នុងបញ្ញាបុច្ឆកៈនេះ ព្រះមានព្រះភាគ ត្រាស់ធាតុដែលជាកាមាវចរ ១៦ ប្រព្រឹត្តទៅក្នុងភូមិ ៤ លាយឡំ ដោយលោកិយ និងលោកុត្តរ ២ យ៉ាង ដូចពណ៌នាមក ដូច្នេះ ។ ធាតុវិភង្គ នេះ ព្រះមានព្រះភាគទ្រង់នាំចេញចែកសម្តែង ៣ បរិវដ្ត ( គឺសុត្តន្តភាជនីយ ១ អភិធម្មភាជនីយ ១ បញ្ញាបុច្ឆកៈ ១ ) ដោយប្រការដូច្នេះ ។ អដ្ឋកថាបញ្ញាបុច្ឆកៈ ចប់ ធាតុវិភង្គ ចប់