សច្ចវិភង្គ អភិធម្មបិដក សុត្តន្តភាជនីយ
សច្ចវិភង្គ អរិយសច្ច ៤ គឺទុក្ខអរិយសច្ច ទុក្ខសមុទយអរិយសច្ច ទុក្ខនិរោធអរិយសច្ច ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។ បណ្តាអរិយសច្ច ៤ នោះ ទុក្ខអរិយសច្ច តើដូចម្តេច ។ ការកើត ជាទុក្ខ ការចាស់គ្រាំគ្រាជាទុក្ខ សេចក្តីស្លាប់ជាទុក្ខ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ អាក់អន់ចិត្ត តានតឹងចិត្តជាទុក្ខ ការជួបប្រសព្វដោយ សត្វ និងសង្ខារមិនជាទីស្រឡាញ់ជាទុក្ខ ការព្រាត់ប្រាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ជាទុក្ខ បុគ្គលកាលចង់បានរបស់ណា តែមិនបានរបស់នោះ ការមិនបាននោះជាទុក្ខ ដោយបំប្រួញ ឧបាទានក្ខន្ធទាំង ៥ ក៏ជាទុក្ខ ។ បណ្តាទុក្ខទាំងនោះ ការកើត តើដូចម្តេច ។ ការកើត កិរិយា កើតព្រម ការចុះចាប់ផ្ទៃ ការកើតចំពោះ ការកើតប្រាកដនៃខន្ធទាំងឡាយ ការបានអាយតនៈទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងពួកសត្វ នោះៗ នេះហៅថា ការកើត ។ បណ្តាទុក្ខទាំងនោះ ការចាស់គ្រាំគ្រា តើដូចម្តេច ។ សេចក្តី គ្រាំគ្រា ភាពនៃការទ្រុឌទ្រោម ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវយុរយារ ការថយចុះនៃអាយុ ការចាស់ទុំនៃឥន្ទ្រិយទាំងឡាយណា របស់សត្វ ទាំងឡាយនោះៗ ក្នុងពួកសត្វនោះៗ នេះហៅថា ការចាស់គ្រាំគ្រា ។ បណ្តាទុក្ខទាំងនោះ សេចក្តីស្លាប់ តើដូចម្តេច ។ ការឃ្លាត ភាពនៃចិត្តឃ្លាត ការបែកធ្លាយ សេចក្តីបាត់បង់ សេចក្តីវិនាសជីវិត សេចក្តី ស្លាប់ កាលកិរិយា ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការផ្តាច់បង់ជីវិត្រិន្ទិយណា របស់សត្វទាំងឡាយនោះៗ ក្នុងពួកសត្វនោះៗ នេះហៅថា សេចក្តីស្លាប់ ។