មគ្គសច្ចនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងមគ្គសច្ចនិទ្ទេសដូចតទៅ បទថា អយមេវ ជាពាក្យកំណត់ពិតប្រាកដ ដើម្បីបដិសេធមគ្គដទៃ ។ បទថា អរិយោ បានដល់ ឈ្មោះថា អរិយ ព្រោះឆ្ងាយចាកកិលេសទាំងឡាយ ដែលសម្លាប់ដោយមគ្គនោះៗ ព្រោះធ្វើនូវភាពជាអរិយៈ និងព្រោះធ្វើឲ្យ បានចំពោះនូវអរិយផល ។ អង្គ ៨ របស់មគ្គនោះមាន ព្រោះហេតុនោះ ទើបមគ្គនោះ ឈ្មោះថា អដ្ឋង្គិកោ ។ អង្គ ៨ របស់មគ្គនោះ ត្រឹមតែជាអង្គ បុណ្ណោះ ដូចសេនាមានអង្គ ៤ និងតន្រ្តីមានអង្គ ៥ ផុតចាកអង្គ មិនមាន ។ ដែលឈ្មោះថា មគ្គ ព្រោះអត្ថថា ជាវត្ថុដែលបុគ្គលត្រូវការព្រះនិព្វានគប្បី ស្វែងរក ឬស្វែងរកនូវព្រះនិព្វាន ឬសម្លាប់កិលេសទាំងឡាយ ត្រាច់ទៅ ។ សព្ទថា សេយ្យថីទំ សេចក្តីថា បើមានអ្នកសួរថា អង្គមគ្គនោះ តើដូចម្តេច ។ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងថា មគ្គ ក៏គឺអង្គប្រកប នោះឯង មគ្គដែលផុតចាកអង្គប្រកប រមែងមិនមាន ទើបត្រាស់ថា សម្មាទិដ្ឋិ ។ បេ ។ សម្មាសមាធិ ដូច្នេះ ។ បណ្តាអង្គមគ្គទាំង ៨ នោះ សម្មាទិដ្ឋិ មានការឃើញដោយប្រពៃជាលក្ខណៈ សម្មាសង្កប្បៈ មានការលើកសម្បយុត្តធម៌ឡើងដោយប្រពៃជាលក្ខណៈ សម្មាវាចា មានការកំណត់កាន់យក ដោយប្រពៃជាលក្ខណៈ សម្មាកម្មន្តៈ មានការឲ្យការងារតាំងឡើងដោយ ប្រពៃជាលក្ខណៈ សម្មាអាជីវៈ មានអាជីវៈដែលផូរផង់ហើយដោយប្រពៃ ជាលក្ខណៈ សម្មាវាយាមៈ មានការផ្គងទុកដោយប្រពៃជាលក្ខណៈ សម្មាសតិ មានការប្រាកដដោយប្រពៃជាលក្ខណៈ សម្មាសមាធិ មានការតាំងចិត្ត មាំដោយប្រពៃជាលក្ខណៈ ដូច្នេះ ។