អវិជ្ជានិទ្ទេស

ក្បាលទី 68 · ទំព័រ 29

ឥឡូវនេះ ជាកថាពោលដោយពិស្តារ ដោយអំណាចនៃ និទ្ទេសវារ ។ ពិតហើយ ព្រះមានព្រះភាគត្រាស់ថា អវិជ្ជាបច្ចយា សង្ខារា ដូច្នេះ ។ ក្នុងព្រះបាលីនោះ កាលទ្រង់សម្តែងសង្ខារទាំងឡាយ ដែលមាន អវិជ្ជាជាបច្ច័យ ព្រោះបុគ្គលកាលនឹងពោលដល់បុត្រ ក៏រមែងពោលដល់ បិតាមុន ដ្បិតថា កាលបើដូច្នេះ ទើបហៅបុត្របាន ក៏ត្រូវហៅថា កូនរបស់ មិត្តៈ កូនរបស់ទត្តៈ ហេតុនោះ ព្រះសាស្តាទ្រង់ជាបុគ្គលឈ្លាសក្នុងទេសនា ដើម្បីសម្តែងអវិជ្ជាដូចបិតា ដោយអត្ថថា ញ៉ាំងសង្ខារទាំងឡាយឲ្យកើត ទើប ត្រាស់ពាក្យជាដើមថា តត្ថ កតមា អវិជ្ជា ទុក្ខេ អញ្ញាណំ ជាដើម ។ ក្នុងព្រះបាលីនោះ ព្រោះអវិជ្ជានេះ រមែងមិនឲ្យដឹង មិនឲ្យឃើញ មិន ឲ្យចាក់ធ្លុះនូវលក្ខណៈ មួយអន្លើដោយកិច្ច តាមសេចក្តីពិតរបស់ទុក្ខសច្ច គឺ បិទបាំង រឹតរុំ ប្រកាន់ ព្រោះហេតុនោះ ទើបត្រាស់ថា ទុក្ខេ អញ្ញាណំ មិនដឹងក្នុងទុក្ខ ដូច្នេះ ។ ម្យ៉ាងទៀត ព្រោះអវិជ្ជា រមែងមិនឲ្យដឹង មិនឲ្យ ឃើញ មិនឲ្យចាក់ធ្លុះនូវលក្ខណៈ ព្រមទាំងកិច្ច តាមសេចក្តីពិតនៃទុក្ខសមុទយៈ នៃទុក្ខនិរោធ នៃទុក្ខនិរោធគាមិនីបដិបទា គឺបិទបាំង រឹតរុំ ប្រកាន់ ហេតុនោះ ទើបត្រាស់ថា ទុក្ខនិរោធគាមិនិយា បដិបទាយ អញ្ញាណំ ការមិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ដូច្នេះ ។ ការមិនដឹង ទ្រង់ត្រាស់ថា អវិជ្ជា ក្នុងឋានៈទាំង ៤ នេះ ដោយបរិយាយនៃព្រះសូត្រ ។ តែដោយបរិយាយនៃព្រះអភិធម្មក្នុងនិក្ខេបកណ្ឌ ទ្រង់កាន់យកអញ្ញាណ ក្នុងឋានៈ ៤ ដទៃទៀតថា បុព្វន្តេ អញ្ញាណំ គឺការមិនដឹងក្នុងអតីតជាដើម ។