សង្ខារនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងបទនៃសង្ខារដូចតទៅ ព្រះមានព្រះភាគ កាលទ្រង់សម្តែងចំពោះសង្ខារ ដែលមានអវិជ្ជាជាបច្ច័យ បុណ្ណោះ ទ្រង់មិនអាស្រ័យសង្ខារដែលមកដោយសង្ខារសព្ទ ក្នុងសង្ខារ តាមដែលត្រាស់ខាងដើម ទើបត្រាស់ពាក្យថា តត្ថ កតមេ អវិជ្ចាបច្ចយា សង្ខារា បុញ្ញាភិសង្ខារោ ដូច្នេះជាដើម ។ ក្នុងព្រះបាលីនោះ សភាវៈដែលឈ្មោះថា បុញ្ញ ព្រោះអត្ថថា ជម្រះ បុគ្គលអ្នកធ្វើ គឺញ៉ាំងអធ្យាស្រ័យរបស់អ្នកធ្វើនោះឲ្យបរិបូណ៌ និងញ៉ាំងភព ដែលគួរបូជាឲ្យកើតឡើង ។ ដែលឈ្មោះថា អភិសង្ខារ ព្រោះអត្ថថា រមែងតាក់តែងវិបាក និង កដត្តារូប ។ អភិសង្ខារ គឺបុណ្យ ឈ្មោះថា បុញ្ញាភិសង្ខារ ។ សភាវៈ ដែលឈ្មោះថា អបុញ្ញ ព្រោះជាបដិបក្ខចំពោះបុញ្ញៈ ។ អភិសង្ខារ គឺ អបុញ្ញៈ ឈ្មោះថា អបុញ្ញាភិសង្ខារ ។ ដែលឈ្មោះថា អានេញ្ជ ព្រោះ អត្ថថា រមែងមិនញាប់ញ័រ ។ ដែលឈ្មោះថា អានេញ្ជាភិសង្ខារ ព្រោះ អត្ថថា អភិសង្ខារ គឺអានេញ្ជៈ និងសភាវៈដែលតាក់តែងភព ដែលមិន ញាប់ញ័រ ។ ដែលឈ្មោះថា កាយសង្ខារ ព្រោះអត្ថថា ជាសង្ខារដែលកាយ ឲ្យប្រព្រឹត្តទៅ ឬប្រព្រឹត្តទៅផ្លូវកាយ ឬប្រព្រឹត្តទៅដល់កាយ ក្នុងវចីសង្ខារ និងចិត្តសង្ខារ ក៏ន័យនេះដូចគ្នា ។ ក្នុងសង្ខារទាំងនោះ សង្ខារ ៣ ដំបូង ទ្រង់កាន់យកដោយអំណាចនៃ បរិវីមំសនសូត្រ ។ ពិតហើយ ក្នុងសូត្រនោះ ព្រះមានព្រះភាគត្រាស់ ( សំយុត្តនិកាយ និទានវគ្គ ) ថា ម្នាលភិក្ខុទាំងឡាយ បើបុរសបុគ្គលលុះ ក្នុងអំណាចអវិជ្ជាហើយ រមែងតាក់តែងសង្ខារជាបុណ្យ វិញ្ញាណក៏ចូលទៅ កេកោនឹងបុណ្យ បើតាក់តែងសង្ខារជាបាប វិញ្ញាណក៏ចូលទៅកេកោនឹងបាប បើតាក់តែងសង្ខារជាអនេជៈ វិញ្ញាណក៏ចូលទៅកេកោនឹងអនេជៈ ដូច្នេះ ។