វិញ្ញាណនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា ចក្ខុវិញ្ញាណំ ជាដើម ក្នុងនិទ្ទេស នៃបទថា សង្ខារប្បច្ចយា វិញ្ញាណំ ដូចតទៅ ចក្ខុវិញ្ញាណមាន ២ យ៉ាង ជាកុសលវិបាក ១ អកុសលវិបាក ១ ។ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ និងកាយវិញ្ញាណក៏មាន ២ យ៉ាង ដូចគ្នា ( ហៅថា ទ្វិបញ្ចវិញ្ញាណ ១០ ) ចំណែកមនោវិញ្ញាណ មាន ២២ គឺមនោធាតុដែលជាកុសល និងអកុសលវិបាក ២ អហេតុកមនោវិញ្ញាណធាតុ ៣ សហេតុកកាមាវចរវិបាកចិត្ត ៨ រូបាវចរវិបាកចិត្ត ៥ អរូបាវចរវិបាកចិត្ត ៤ ។ លោកិយវិញ្ញាណទាំងអស់មាន ៣២ ដែលសង្គ្រោះដោយវិញ្ញាណ ៦ យ៉ាងនោះ ដោយប្រការដូច្នេះ ចំណែកលោកុត្តរវិញ្ញាណទាំងឡាយ មិនគួរ ក្នុងវដ្តកថា ព្រោះហេតុនោះ ទើបមិនកាន់យក ។ ក្នុងនិទ្ទេសសង្ខារជាបច្ច័យដល់វិញ្ញាណនោះ បើមានពាក្យសួរថា សេចក្តី នេះ គប្បីពោលបានដូចម្តេច ថាវិញ្ញាណមានប្រការតាមដែលពោលមកនេះ រមែងមាន ព្រោះសង្ខារជាបច្ច័យ ឆ្លើយថា ដឹងបានព្រោះកាលមិនមានកម្ម ដែលសាង វិបាកក៏មិនមាន ។ ពិតហើយ វិញ្ញាណនេះជាវិបាក វិបាករមែង មិនកើត ព្រោះមិនមានកម្មដែលសាង បើគប្បីកើតសោត វិបាកទាំងអស់ ក៏គប្បីកើតដល់សត្វគ្រប់ពួក តែមិនកើតឡើយ ព្រោះហេតុនោះ សេចក្តីនេះ ក៏គប្បីជ្រាបបានថា វិញ្ញាណនេះ រមែងមាន ព្រោះសង្ខារជាបច្ច័យ ដូច្នេះ ។ បើមានពាក្យសួរថា វិញ្ញាណណា មានព្រោះសង្ខារណាជាបច្ច័យ ឆ្លើយថា វិញ្ញាណ ១៦ ដួង គឺចក្ខុវិញ្ញាណជាដើម ដែលជាកុសលវិបាក ៥ ដួង មនោធាតុដែលជាកុសលវិបាក ១ មនោវិញ្ញាណធាតុ ២ ដួង កាមាវចរមហាវិបាក ៨ ដួង មានព្រោះបុញ្ញាភិសង្ខារដែលជាកាមាវចរជាបច្ច័យ ។ ដូចព្រះតម្រាស់ថា ចក្ខុវិញ្ញាណជាវិបាក ច្រឡំដោយឧបេក្ខា មានរូប ជាអារម្មណ៍ កើតឡើងហើយ ព្រោះហេតុបានធ្វើ