នាមរូបនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃនាមរូបកើតមាន ព្រោះ វិញ្ញាណជាបច្ច័យដូចតទៅ បណ្ឌិតគប្បីជ្រាបវិនិច្ឆ័យ ដោយប្រភេទទេសនា ដោយការ ប្រព្រឹត្តទៅក្នុងឋានៈទាំងអស់ មានភពជាដើម ដោយសង្គហៈ និងដោយបច្ច័យន័យ ។ ពាក្យថា ដោយប្រភេទទេសនា អធិប្បាយថា ព្រះមានព្រះភាគទ្រង់ ធ្វើទេសនាដល់ពាក្យថា រូប ឲ្យដូចគ្នា ដោយមិនផ្សេងគ្នា ទាំងក្នុងព្រះសូត្រ និងក្នុងនាមរូបនិទ្ទេសយ៉ាងនេះថា ចុះនាមរូប តើដូចម្តេច ។ មហាភូតរូប ៤ និងឧបាទាយរូប របស់មហាភូតរូប ៤ ដូច្នេះ ។ តែបទថា នាម ទ្រង់ធ្វើ ទេសនាផ្សេង ព្រោះក្នុងព្រះសូត្រ ( សំយុត្តនិកាយ និទានវគ្គ ) ត្រាស់ថា ចុះនាមរូប តើដូចម្តេច ។ វេទនា ១ សញ្ញា ១ ចេតនា ១ ផស្សៈ ១ មនសិការ ១ ដូច្នេះ ។ ក្នុងនាមរូបនិទ្ទេសនេះ ត្រាស់ថា វេទានខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ ព្រោះថា ក្នុងព្រះសូត្រនោះ នាមឯណា រមែងកើតឡើង ព្រោះចក្ខុវិញ្ញាណជាបច្ច័យ និងនាមណា ដែលកើតហើយ កាលទ្រង់សម្តែង នាមនោះ ដែលប្រាកដដោយភាពមិនគួរកាន់យក ដោយអាស្រ័យធម៌ដទៃ យ៉ាងនេះថា ការតាំងនៅនៃចិត្ត ជាអាយុរបស់អរូបធម៌ទាំងឡាយ ដូច្នេះ ទើបទ្រង់សម្តែងចែកសង្ខារក្ខន្ធ ៣ យ៉ាង ដោយអំណាចនៃចេតនា ផស្សៈ មនសិការ មួយអន្លើដោយខន្ធ ២ ( វេទនាខន្ធ សញ្ញាខន្ធ ) ។ តែក្នុងនាមរូបនិទ្ទេសនេះ កាលទ្រង់សង្គ្រោះនាមទាំងអស់ ដែលត្រាស់ហើយក្តី មិន ទាន់ត្រាស់ក្តី ក្នុងព្រះសូត្រនោះ ទើបត្រាស់ថា ខន្ធ ៣ គឺវេទានខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ ដូច្នេះ ។ សួរថា ខន្ធទាំង ៣ នេះបុណ្ណោះ ឈ្មោះថា នាម វិញ្ញាណ មិនឈ្មោះ ថា ជានាមទេឬ ឆ្លើយថា វិញ្ញាណមិនមែនមិនជានាម តែកាលកាន់យក វិញ្ញាណនោះ វិញ្ញាណទាំង ២ គឺវិញ្ញាណដែលជានាម និងវ