វេទនានិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យ ក្នុងនិទ្ទេសនៃផស្សៈជាបច្ច័យដល់វេទនា ដូចតទៅ ពោលដោយទ្វារ ព្រះមានព្រះភាគត្រាស់វេទនា ៦ យ៉ាង បុណ្ណោះ មានវេទនាកើតអំពីចក្ខុសម្ផស្សជាដើម ពោលដោយ ប្រភេទវេទនាទាំងនោះ ត្រាស់ ៨៩ យ៉ាង ។ ពិតហើយ ពោលដោយទ្វារ វេទនា ៦ បុណ្ណោះ មានវេទនាកើតអំពី ចក្ខុសម្ផស្សទាំងនេះជាដើម ត្រាស់ក្នុងព្រះបាលីដោយន័យជាដើមថា ចក្ខុសម្ផស្សជាវេទនា គឺវេទនាកើតអំពីចក្ខុសម្ផស្ស ដូច្នេះ តែដោយប្រភេទ វេទនាទាំងនោះ ទ្រង់ត្រាស់ថា មាន ៨៩ ព្រោះសម្បយុត្តដោយចិត្ត ៨៩ ដួងនោះឯង ។ បណ្តាវេទនាទាំង ៨៩ ប្រភេទនេះ លោកពោលថា វេទនា ដែលប្រកបដោយវិបាកចិត្ត ៣២ ដួងបុណ្ណោះ ទ្រង់បំណងយក ក្នុងនិទ្ទេសនេះ ។ ក្នុងវេទនាទាំងឡាយនោះ ក្នុងបញ្ចទ្វារ ផស្សៈជាបច្ច័យ ៨ ដល់វេទនា ៥ ជាបច្ច័យ ១ ដល់វេទនាដ៏សេស ក្នុងមនោទ្វារ ផស្សៈនោះ ក៏ជាបច្ច័យយ៉ាងនោះ ។ ពិតហើយ ក្នុងគាថានោះ ក្នុងបញ្ចទ្វារ ផស្សៈមានចក្ខុសម្ផស្សជាដើម ជាបច្ច័យ ៨ យ៉ាង ដល់វេទនា ៥ មានចក្ខុបសាទជាដើមជាទីតាំង កើត ដោយអំណាចសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ សម្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ ។ ម្យ៉ាងទៀត ផស្សៈ មានចក្ខុសម្ផស្សជាដើម ជាបច្ច័យតែម្យ៉ាងបុណ្ណោះ ដោយ អំណាចឧបនិស្សយប្បច្ច័យ ដល់កាមាវចរវិបាក វេទនាដ៏សេសដែលប្រព្រឹត្ត ទៅ ដោយអំណាចសម្បដិច្ឆន្នៈ សន្តីរណៈ និងតទារម្មណៈ ក្នុងទ្វារតែមួយ ទ្វារ ។