តណ្ញានិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃវេទនា ជាបច្ច័យនៃតណ្ហាដូចតទៅ តណ្ហា ៦ យ៉ាង ទ្រង់សម្តែងក្នុងនិទ្ទេសនេះ ដោយការផ្សេង គ្នានៃរូបតណ្ហាជាដើម ក្នុងតណ្ហាទាំង ៦ នោះ តែតណ្ហា ១ ទ្រង់ត្រាស់ ៣ យ៉ាង ដោយអាការដែលប្រព្រឹត្តទៅ ។ ក្នុងនិទ្ទេសនៃវេទនាជាបច្ច័យដល់តណ្ហានេះ មានអធិប្បាយថា តណ្ហា ៦ យ៉ាងទ្រង់សម្តែងហើយ គឺទ្រង់ប្រកាសហើយ ត្រាស់ហើយដោយ អំណាចនៃឈ្មោះ ដោយអារម្មណ៍ថា រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា ដូច្នេះ ដូចបុត្រដែលគេប្រកាសឈ្មោះ តាមបិតាថា សេដ្ឋីបុត្ត ព្រាហ្មណបុត្ត ដូច្នោះ ។ ក្នុងពាក្យទាំងនោះ គប្បី ជ្រាបអត្ថនៃពាក្យដោយន័យនេះថា តណ្ហាក្នុងរូប ឈ្មោះថា រូបតណ្ហា ដូច្នេះ ។ បណ្តាតណ្ហាទាំងនោះ តណ្ហា ១ ទ្រង់ត្រាស់ ៣ គឺកាមតណ្ហា ភវតណ្ហា វិភវតណ្ហា ដោយអាការដែលប្រព្រឹត្តទៅ ពិតហើយ ក្នុងកាលណា រូបតណ្ហានោះឯង ត្រេកអរក្នុងរូបារម្មណ៍ ដែលមកកាន់គន្លងចក្ខុ ដោយ អំណាចការត្រេកអរក្នុងកាមប្រព្រឹត្តទៅ ក្នុងកាលនោះ ឈ្មោះថា កាមតណ្ហា ក្នុងកាលណា រូបតណ្ហាប្រព្រឹត្តទៅព្រមជាមួយទិដ្ឋិដែលប្រព្រឹត្តទៅថា រូបារម្មណ៍នោះឯងទៀង ស្ថិតស្ថេរ ដូច្នេះ ក្នុងកាលនោះ ឈ្មោះថា ភវតណ្ហា ព្រោះរាគៈកើតរួមជាមួយនឹងសស្សតទិដ្ឋិ ហៅថា ភវតណ្ហា ក្នុងកាលណា រូបតណ្ហានោះ ប្រព្រឹត្តទៅព្រមជាមួយឧច្ឆេទទិដ្ឋិដែលប្រព្រឹត្តទៅថា រូបារម្មណ៍ នោះឯងដាច់សូន្យ រមែងវិនាស ដូច្នេះ ក្នុងកាលនោះ ឈ្មោះថា វិភវតណ្ហា ។